កម្លាំងនគរបាលចាប់បានខ្មាន់កាំភ្លើង និងបក្ខពួក ក្រោយបាញ់លើយុវជនមួយក្រុម បណ្តាលឲ្យរងរបួសម្នាក់នៅខណ្ឌដូនពេញ, ជនល្មើសបានបាញ់មកលើសមត្ថកិច្ច

ភ្នំពេញ ៖ ខ្មាន់កាំភ្លើង និងបក្ខពួក ដែលបានបាញ់ប្រហារយុវជនមួយក្រុមនៅតាមផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាមស្រាវជ្រាវចាប់ខ្លួនបានហើយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន ថា ខ្មាន់កាំភ្លើងដែលបានបាញ់ក្រុមយុវជនបណ្តាលឲ្យរងរបួសម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ តាមចាប់ខ្លួនបានហើយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលដឹកនាំកម្លាំងនគរបាលចុះបង្ក្រាបផ្ទាល់ បានបញ្ជាក់ទៀតថា ក្រោយស្រាវជ្រាវ និងទទួលបានព័ត៌មានច្បាស់ នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមបានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌឬស្សីកែវ បានចុះទៅឡោមព័ទ្ធ និងចាប់បក្ខពួកម្នាក់ទៀតនៅក្បែរផ្សារសាំហាន់ សង្កាត់ទួលសង្កែ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ បញ្ជាក់ថា នៅពេលដែលកម្លាំងនគរបាលចុះឡោមព័ទ្ធចាប់នោះ ជនល្មើសបានបាញ់មកលើសមត្ថកិច្ចចំនួន៦គ្រាប់ផងដែរ ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យរងរបួសដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនៅកន្លែងបង្ក្រាបនោះឡើយ។
សេចក្ដីរាយការណ៍ពីទីតាំងប្រតិបត្តិការ បានឲ្យដឹងថា នៅពេលកម្លាំងនគរបាលជំនាញឡោមព័ទ្ធចាប់ខ្លួននោះ ខ្មាន់កាំភ្លើងម្នាក់នេះ មិនព្រមប្រគល់ខ្លួននោះឡើយ ពោលបានបាញ់មកលើសមត្ថកិច្ចថែមទៀតផង ទើបធ្វើឲ្យសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធទៅវិញរហូតចាប់ខ្លួនបានភ្លាមៗ។ ក្រោយចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំចាត់ការបន្តទៀត។
សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ២រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ មានហេតុការណ៍បាញ់រះមួយបានកើតឡើង នៅផ្លូវលេខ៧០ ស្ដុបR៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានបណ្ដាលឲ្យជនយុវជនម្នាក់រងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ខណៈខ្មាន់កាំភ្លើងបើករថយន្ដគេចខ្លួនបាត់។ តាមសេចក្តីរាយការណ៍ មូលហេតុដែលនាំឲ្យខ្មាន់កាំភ្លើងផ្ទុះអាវុធនេះដោយសារខឹងជាមួយសង្សាររបស់ខ្លួន៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds