រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដឹកនាំមន្ត្រីក្រោមឱវាទ ធ្វើតេស្តរកសារធាតុញៀន
(ភ្នំពេញ)៖ ដូចការគ្រោងទុកនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើតេស្តរកសារធាតុញៀនក្នុងក្របខណ្ឌ នៃមន្ត្រីរាជការក្រសួងព័ត៌មានដែលមានថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យាសរុបចំនួន១៨៤០នាក់ នៅទីស្តីការក្រសួងព័ត៌មាន។
ថ្លែងក្នុងឱកាសនោះ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអោយដឹងថា ការធ្វើតេស្តរកសារធាតុញៀននេះជាយុទ្ធនាការដើម្បីសម្រេចឲ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។
លោកបានបន្ដថា កិច្ចការងារធ្វើតេស្តរកសារធាតុញៀនក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន គឺធ្វើឡើងស្របទៅនឹងការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការធ្វើតេស្តរកសារធាតុញៀនទាំងអស់គ្នារាប់ទាំងរូបខ្ញុំផងដែរ»។ ដូច្នេះដើម្បីជាគំរូដល់មន្ត្រីរាជការដទៃទៀត លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ផងដែរនោះ បានធ្វើតេស្តស្វែងរកសារធាតុញៀន និងបន្តដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីអគ្គនាយកដ្ឋានជំនាញ។
លោករដ្ឋមន្ដ្រី បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ទទួលបានលទ្ធផលល្អទាំងអស់គ្នា និងសូមគោរពថ្លែងអំណរគុណដល់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានអនុញ្ញាតផ្តល់មន្ត្រីបច្ចេកទេសជួយធ្វើតេស្តរកសារធាតុញៀន និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រី ទីប្រឹក្សា ជំនួយការទាំងអស់ ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការបំពេញកាតព្វកិច្ចដ៏មានសារៈសំខាន់នេះ។
តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា គិតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ មានក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ មួយចំនួនបានចាត់តាំងអនុវត្តបទបញ្ជានេះ ដោយបានធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រី ជាប់កិច្ចសន្យាសរុបចំនួន៥៦,៤៤៥រូប ក្នុងនោះមានលទ្ធផលវិជ្ជមានសារធាតុញៀនក្នុងទឹកមូត្រចំនួន៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។
ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១ បប ប្រកបដោយប្រសិទ្ធិភាពដោយធ្វើការកៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម, សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត, បើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលតាមស្ថាប័ន អង្គភាព,ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀន ចេញឲ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕