CDC ៖ ខែមេសា គម្រោងចំនួន២២ ត្រូវបានអនុម័ត លើទុនវិនិយោគសរុបជាង $៣០៩លាន

ភ្នំពេញ៖ រយៈពេលមួយខែ ពោលក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី ចំនួន២១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣០៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានប្រមាណ២៣ពាន់កន្លែង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fast News ទទួលបាននៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង២២ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។

គួរបញ្ជាក់ជូនផងដែរថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែមេសារួមមាន៖

ក៖ ក្រៅតំបន់សេដ្ឋកិច្ចពិសេស
១៖ គម្រោងវិនិយោគផលិតស្រោមជើង, ស្រោមដៃ, កន្សែងបង់ក, មួក, និងស្បែកជើងពាក់ក្នុងផ្ទះ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង។

ខ៖ ក្នុងតំបន់សេដ្ឋកិច្ចពិសេស
១៖ គម្រោងពង្រីកផលិតកម្មផលិតសំបកកង់យានយន្ត និងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងទុនវិនិយោគបន្ថែមប្រមាណ១០៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៥៤២កន្លែង។
២៖ គម្រោងវិនិយោគផលិតបន្ទះច្រាំងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្នុងទុនវិនិយោគប្រមាណ ៣៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន
២៥៣កន្លែង។
៣៖ គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន
២៣៧កន្លែង។

គួរគូសរំលេចផងដែរថា ក្នុងខែមេសា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែករហូតដល់ទៅប្រមាណ ៩៨% នៃទុនវិនិយោគសរុប៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds