ត្រៀម CV ក្រុមមហ៊ុនធំៗ ២០ផ្តល់ឱកាសការងារជាង ៥ពាន់កន្លែងក្នុងពិព័រណ៍ការងារនៅអគារ KAMPUS

ភ្នំពេញ៖ នៅតែ៣ថ្ងៃទៀតប៉ុណ្ណោះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំយកក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ មកជ្រើសរើសបុគ្គលិកសរុបចំនួន ៥៤០០ នាក់។

លោក ចាប់ ចំណាន មន្ត្រីទំនាក់ទំនងដៃគូពាណិជ្ជករដែលបានចូលរួមក្នុងពិព័រណ៌ការងារនៅ KAMPUS កាលពីឆ្នាំ ២០២៣ កន្លងទៅ ហើយបានសម្ភាសការងារជាប់ជាមួយធនាគារ Wing បានលើកឡើងថា លោកបានចូលរួមក្នុងពិព័រណ៌ការងារ និងមគ្គទេសន៍អាជីព កាលពីឆ្នាំ២០២៣ ហើយបានទទួលការប្រឹក្សាយោបល់ពីមន្ត្រី NEA និងទទួលបានគន្លឹះជាច្រើនក្នុងការត្រៀមខ្លួនដាក់ពាក្យរកការងារ។ ជាលទ្ធផល លោក ចំណាន បានសម្ភាសជាប់ការងារភ្លាមៗជាមួយធនាគារ Wing នាពេលនោះតែម្តងដែរ។

លោកបន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៌ការងារ និងមគ្គុទេសអាជីពដែលរៀបចំឡើងដោយ NEA បានផ្តល់សារៈប្រយោជន៍ជាច្រើនដល់យុវជនដូចជា ការផ្តល់ចំណេះដឹង ផ្តល់ជាឱកាសការងារជាច្រើនកន្លែងជូនទៅដល់បងប្អូនដែលកំពុងស្វែងរកការងារ និងផ្តល់ជាការប្រឹក្សាយោបល់ជូនទៅដល់ប្អូនៗនិស្សិតដើម្បីតម្រង់ទិសការងារ។ លោក អំពាវនាវ ឲ្យយុវជនដែលចង់បានការងារឆាប់រហ័ស សូមអញ្ជើញទៅចូលរួមឲ្យបានច្រើនកុះករ។

ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០។

សូមជម្រាបថា ពិព័រណ៍ការងារនេះ ក៏នឹងមានរៀបចំជាវេទិកាចែករំលែកចំណេះដឹង បទពិសោធន៍ និងគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ និងការហាត់ធ្វើកម្មសិក្សាការងារផងដែរ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds