អ្នកនាំពាក្យរាជរដ្ឋាភិបាលចាត់ទុកសន្ទុះចលនាជាតិគាំទ្រព្រែកជីកហ្វូណនតេជោ កំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយ
រាជធានីភ្នំពេញ ៖ ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាពរជ័យ និងជាលាភសំណាងសម្រាប់កម្ពុជា ប៉ុន្តែវាជាបណ្ដាសា និងជាគ្រោះដ៏ធំដែលចូលមកបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយ។
សរសេរនៅលើបណ្ដាញសង្គមនាថ្ងៃទី៥ ឧសភា ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យទាល់តែបាននូវគម្រោងព្រែកជីកហ្វូណនតេជោ បាននិងកំពុងទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស។ សន្ទុះនៃការគាំទ្របានផុសចេញពីទឹកចិត្តស្រឡាញ់ជាតិ ការពារផលប្រយោជន៍ជាតិ និងប្រាថ្នាចង់ឃើញប្រទេសរបស់ខ្លួនមានឯករាជភាព និងភាពរឹងមាំខាងសេដ្ឋកិច្ចដោយឈរលើកម្លាំងខ្លួនឯងដោយមិនចាំបាច់ពឹងខ្យល់ដកដង្ហើមពីបរទេស។
អ្នកនាំពាក្យរូបនេះ បន្ថែមថា ពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានឈាមជ័រជាខ្មែរ មិនរារែកក្នុងការចេញមុខគាំទ្រពេញទំហឹង និងយ៉ាងកងរំពងដោយបង្កើតបានជាចលនាជាតិដ៏ធំមហិមាដែលមិនធ្លាប់មានពីមុន។ ចលនាជាតិមួយនេះ គឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលកំពុងការពារនិងរុញច្រានគម្រោងនេះឱ្យទៅមុខដើម្បីសម្រេចគោលដៅដែលបានកំណត់ ពីព្រោះកម្លាំងមហាសាមគ្គីជាតិនេះហើយដែលជាប្រៀបខ្លាំងលើសពីកម្លាំងអ្វីៗទាំងអស់។ ពេលនេះ ជាតិសាសន៍ខ្មែរបានបង្ហាញពីចំណុចខ្លាំងរបស់ខ្លួនជាងពេលណាៗទាំងអស់តាមរយៈចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។
បើតាមឯកឧត្តម ប៉ែន បូណា ចលនាជាតិដ៏ខ្លាំងក្លានេះ មិនត្រឹមតែធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំធេងជាប្រវត្តិសាស្ត្រជូនជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចលនាមួយដែលកំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយមួយក្តាប់តូច ដែលបានបន្លំពាក់របាំងមុខអ្នកស្នេហាជាតិអស់ជាច្រើនទសវត្សរ៍មកហើយនោះ ឱ្យសាធារណជនមើលឃើញយ៉ាងច្បាស់ក្រឡែតពីមុខមាត់ពិតរបស់ពួកគេ។