សិក្ខាកាមផ្នែកអគ្គីសនី និងអេឡិចត្រូនិច ក្នុងវគ្គ១.៥លាន ចុះហាត់ការនៅក្រុមហ៊ុនឯកជនដើម្បីដកស្រង់ជំនាញជាក់ស្តែង
កំពត៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពតចាប់ផ្តើមបញ្ជូនយុវជនសិក្សាជំនាញនៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១,៥ លាននាក់របស់ខ្លួនចុះហាត់ការនៅក្រុមហ៊ុនឯកជន ខណៈយុវជនប្តេជ្ញារចិត្តខិតខំយកចិត្តទុកដាក់ហាត់ការ និងរំពឹងថាក្រុមហ៊ុននឹងទទួលយកជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីការហាត់ការត្រូវបានបញ្ចប់នៅ៣សប្តាហ៍ខាងមុខទៀត។
ការលើកឡើងបែបនេះរបស់សិក្ខាកាមបន្ទាប់ពីពួកគេបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ បានជិត៤ខែរួចមកហើយ ដោយឡែកការចុះហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះគឺជាវគ្គចុងក្រោយនៃការសិក្សាជំនាញបច្ចេកទេសរបស់សិក្ខាកាម។
យុវជន កឹម ពេជ្យ សិក្ខាកាមនៃដេប៉ាតឺម៉ង់អគ្គិសនី និងអេឡិចត្រូនិច នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បានលើកឡើងថា «បន្ទាប់ពីបានសិក្សាជំនាញបច្ចេកទេសបានជិត៤ខែនៅសាលាមក ពេលនេះខ្ញុំត្រូវបានសាលារបស់ខ្ញុំបញ្ជូនទៅចុះហាត់ការនៅក្រុមហ៊ុនខាងអគ្គិសនីឈ្មោះ ក្រុមហ៊ុនកម្ពុជាចក្រីទីង រយៈពេល៣សប្តាហ៍»។
យុវជនរូបនេះសប្បាយចិត្តនៅពេលបានចុះហាត់ការនៅក្រុមហ៊ុនឯកជន ពីព្រោះការហាត់ការជាឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុន បន្ទាប់ពីហាត់ការត្រូវបានបញ្ចប់ ដូច្នេះហើយខ្លួននឹងខិតខំយកចិត្តទុកដាក់បំផុតអំឡុងពេលធ្វើការនៅក្រុមហ៊ុនឯកជននេះ។
យុវជន ភឿង សំណាង សិក្ខាកាមនៃដេប៉ាតឺម៉ង់អគ្គិសនី និងអេឡិចត្រូនិច នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បន្តថា «អំឡុងពេលសិក្សាជំនាញ រៀនដោយឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភថែមទៀត តែពេលរៀនចប់ ចុះហាត់ការតាមក្រុមហ៊ុន ខ្ញុំទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនចំនួនជាង ២០០ដុល្លារក្នុងមួយខែថែមទៀត។ ខ្ញុំសប្បាយចិត្តពេលមានឱកាសចូលហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះ»។
យុវជនរូបនេះបន្តថា ខ្លួនត្រូវបានសាលាបញ្ជូនទៅហាត់ការនៅក្រុមហ៊ុនពូចិន ដែលជាក្រុមហ៊ុនខាងអគ្គិសនី និងសំណង់ រយៈពេលចំនួន៣សប្តាហ៍។ ការហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះគឺជាវគ្គសិក្សាចុងក្រោយនៃកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ដូច្នេះរំពឹងយ៉ាងមុតមាំថានឹងទទួលការជ្រើសរើសជាបុគ្គលិកពេញសិទ្ធិពីសំណាក់ក្រុមហ៊ុនបន្ទាប់ពីការហាត់ការត្រូវបានបញ្ចប់។
ទន្ទឹមនឹងនេះសិក្ខាកាមអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះឡើង ដែលវាឱកាសសម្រាប់យុវជនក្នុងការសិក្សាជំនាញដែលមានរយៈពេលខ្លី ហើយអាចរកការងារបានធ្វើថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបើកបវេសនកាលវគ្គដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមទូទាំងប្រទេសបាននឹងកំពុងសិក្សាជំនាញនានាដែលខ្លួនពេញចិត្ត ខណៈដែលសិក្ខាកាមមួយចំនួនក៏បាននឹងកំពុងចុះហាត់ការនៅបណ្តាក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារនៅក្រុមហ៊ុនឯកជន បន្ទាប់ពីបញ្ចប់វគ្គហាត់ការរួចផងដែរ៕