អាជ្ញាធរឃុំព្រះធាតុ បើកយុទ្ធនាការសម្អាតកម្ពុជា ក្រោមប្រធានបទ«ឃុំព្រះធាតុស្អាត ផ្តើមពីយើងទាំងអស់គ្នា»

យុទ្ធនាការសំអាតកម្ពុជា បានជំរុញឱ្យអ្នកចូលរួម បានចេញមកប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវនៅតាមមូលដ្ឋាន ជាពិសេសចូលរួមពង្រឹងចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក អាជ្ញាធរឃុំព្រះធាតុ បើកយុទ្ធនាការសម្អាតកម្ពុជា ក្រោមប្រធានបទ«ឃុំព្រះធាតុស្អាត ផ្តើមពីយើងទាំងអស់គ្នា» យុទ្ធនាការធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នេះ។

សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅតាមសាលារៀនទាំង ៨ ព្រះសង្ឃ រួមជាមួយចាស់ព្រឹទ្ធាចារ្យ គណៈកម្មការ នៅតាមវត្តអារាមចំនួន៤ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ទាំង២២ភូមិ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចំនួនជាង ២៥០០ អង្គ/នាក់ បានស្ម័គ្រចិត្តចូលរួមសហការគ្នា ចេញមកសំអាត ប្រមូលទុកដាក់សំរាម ជាពិសេសសំណល់ប្លាស្ទិកនៅក្នុងផ្ទះ ជុំវិញផ្ទះ សាលារៀន វត្តអារាម តាមដងផ្លូវ ទីសាធារណៈ ក្នុងមូលដ្ឋានឃុំព្រះធាតុ និងទុកដាក់សំណល់សំរាមប្លាស្ទិកសរុប ចំនួន២២៩៣គីឡូក្រាម។

លោក ទ្រី ពៅ មេឃុំព្រះធាតុ បានលើកឡើងថា ការរៀបចំសកម្មភាពរួមគ្នានាពេលនេះ បន្ទាប់ពីប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបានផ្តួចផ្តើមដោយក្រសួងបរិស្ថាន នាពេលកន្លងមក។ អាជ្ញាមូលដ្ឋានបានតាំងចិត្តអំពីការរៀបចំឱ្យលំនៅឋាន ឱ្យមានអនាម័យ និងមានការទុកដាក់សំរាមឱ្យបានល្អថែមទៀត។

សូមបញ្ជាក់ថា យន្តការសម្អាតកម្ពុជា គឺជាជំហានបន្ទាប់ របស់យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺផ្តោតលើមុំយុទ្ធសាស្រ្តបី ក្នុងនោះ ភាពស្អាត ភាពបៃតង និងចីរភាព។ យុទ្ធនាការសម្អាតកម្ពុជា មានភាពប្រទាក់ក្រឡាគ្នាពីភាពស្អាតខាងក្នុង ភាពស្អាតខាងក្រៅ និងភាពស្អាតនៅកម្ពុជា ដែលផ្តោតសំខាន់លើសកម្មភាពអាទិភាពចំនួន៣គឺ៖

ទី១ ប្រជាពលរដ្ឋនៅតាមភូមិនានា បានកំណត់អនុវត្តព្រមគ្នាក្នុងពេលតែ១ ចូលរួមសំអាតអនាម័យបរិស្ថាន ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិក។

ទី២ អ្នកចូលរួមបានប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវ នៅកន្លែងដែលអាជ្ញាធរ បានកំណត់សម្រាប់បញ្ជូន ទៅសេវាប្រមូល ដឹកជញ្ជូនបន្តទៅទីលាន ហើយជាពិសេសបានកាត់បន្ថយសំណល់ យកទៅចាក់នៅតាមទីលានមួយកម្រិត។
និង ទី៣ យើងប្រមូលយកសំរាមនោះ មកកែច្នៃឡើងវិញ ជាជំហានៗបន្តបន្ទាប់ទៀត។ ចឹងទេវាជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាយើង សម្រាប់ភាពស្អាតរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ដែលបានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលទទួលជោគជ័យ ដោយមានការចូលរួម ពីមនុស្សចំនួនប្រមាណជិត ៨លាននាក់ នាពេលកន្លងមក ឱ្យបន្តចលនាសម្អាតកម្ពុជា ឱ្យបានផុសផុល ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ ភាពស្អាតរបស់កម្ពុជាយើង ហើយយុទ្ធសាស្ដ្រនេះមានភាពប្រទាក់ក្រឡាគ្នាពីភាពស្អាតខាងក្នុង ភាពស្អាតខាងក្រៅ និងភាពស្អាតនៅស្រុកខ្មែររបស់យើង។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា មូលហេតុដែលយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចាប់ផ្ដើមពីសិស្សសាលារៀនរហូតមក គឺជាការជំរុញ ការកែប្រែផ្នត់គំនិតស្អាតខាងក្នុងរបស់សិស្សានុសិស្សរបស់យើង។ បើគាត់ចាប់ផ្ដើមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅពេលនេះ នាពេលអនាគតពេលដែលគាត់ធំដឹងក្ដី មានប្រពន្ធ មានកូន មានចៅទៅ នោះពួកគេនឹងឈប់ប្រើប្រាស់ថង់ប្លាស្ទិករហូតទៅ៕May be an image of 4 people and treeMay be an image of 4 peopleMay be an image of 8 peopleMay be an image of 5 people and treeMay be an image of 11 peopleMay be an image of 9 people

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds