លោក ស៊ុន ចាន់ថុល ៖ រូបលោកនឹងប្រឹងប្រែងជំរុញគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យបានបើកការដ្ឋានជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ
(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តធ្វើបទបង្ហាញស្តីពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនដល់មន្ត្រីរាជការ សាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យនានាជិត ៣ពាន់នាក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ស៊ុន ចាន់ថុល បានអះអាងថា រូបលោកនឹងប្រឹងប្រែងជំរុញគម្រោងនេះ ឱ្យបានបើកការដ្ឋានជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកបង្ហាញពីបេសកកម្មរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយប្រទេសទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យសម្រេចបានតាមគោលដៅនេះ ការទាក់ទាញអ្នកវិនិយោគពីបរទេស គឺជាកិច្ចការមួយដ៏សំខាន់។
លោក ស៊ុន ចាន់ថុល បានអះអាងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាល់ពេលអញ្ជើញទៅក្រៅប្រទេសតែងតែលើកបង្ហាញពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា។ សម្រាប់លោក ស៊ុន ចាន់ថុល សក្តានុពលដែលកម្ពុជាតែងលើកបង្ហាញនោះ រួមមានស្ថានភាពប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យ បណ្តាញដឹកជញ្ជូនប្រទាក់ក្រឡា ជាមួយនឹងគោលនយោបាយប្រកបដោយភាពបត់បែន និងការអនុគ្រោះខ្ពស់សម្រាប់ការធ្វើធុរកិច្ច។
ពាក់ព័ន្ធការវិនិយោគនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សេនាធិការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើកិច្ចការវិនិយោគ បានគូសរំលេចថា បច្ចុប្បន្នកម្ពុជា មានផ្លូវគោក ផ្លូវដែក និងផ្លូវ ប៉ុន្តែផ្លូវទឹកកម្ពុជាមិនទាន់ប្រទាក់ក្រឡាគ្នានៅឡើយ ជាពិសេសខ្វះបណ្តាញផ្លូវទឹកតភ្ជាប់រវាងទន្លេ និងសមុទ្រ ដែលជាហេតុនាំឱ្យការធ្វើពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅមានឧបសគ្គ។ លោក ស៊ុន ចាន់ថុល អះអាងថា គម្រោងព្រែកជីកហ្វូណនតេជោបានបើកការសិក្សាស្រាវជ្រាវយ៉ាងលំអិតរយៈពេល ២៦ខែ ជាមួយក្រុមអ្នកបច្ចេកទេសជាតិ និងអន្តរជាតិសរុប ៤៨រូប។
លោក ស៊ុន ចាន់ថុល បានអះអាងថា ព្រែកជីកហ្វូណនតេជោនេះ គឺជាព្រែកជីកដែលមាននៅក្នុងសម័យហ្វូណន បម្រើដល់ការដឹកជញ្ជូននាពេលនោះ។ តែដោយសារស្ថានភាពវិវឌ្ឍន៍នៃការគ្រប់គ្រងដែនដី ក៏ដូចជាជម្លោះពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសនៅក្នុងសម័យចេនឡាទឹក និងចេនឡាគោក ព្រែកជីកនេះក៏ត្រូវបានទុកចោលរហូតដល់បច្ចុប្បន្ន។
លោក ស៊ុន ចាន់ថុល ព្រែកជីកនេះ មិនធ្វើឱ្យទឹកទន្លេហូរខ្លាំងចូលទៅសមុទ្រ ឬទឹកសមុទ្រហូរចូលទន្លេនោះឡើយ ដោយសារការសង់សន្ទះបិទទឹករហូតដល់ទៅ៣ដំណាក់កាល ហើយការហូរនៃទឹកទន្លេ ពីទន្លេបាសាក់មានចំនួនតិចតួចបំផុត ខណៈពេលបច្ចុប្បន្នទឹកទន្លេមេគង្គហូរចូលទៅសមុទ្រតាមប្រទេសវៀតណាម មានកម្រិតខ្ពស់បំផុត។
កាន់តែពិសេសព្រែកជីកហ្វូណនតេជោនេះ ធ្វើឱ្យការដឹកជញ្ជូនទំនិញពីកំពង់ផែស្វយ័តភ្នំពេញ ទៅកាន់សមុទ្រខ្មែរ បានលឿនជាងដឹកតាមវៀតណាម រហូតដល់ទៅជាង ១០០គីឡូម៉ែត្រ កាត់បន្ថយថ្លៃដឹកជញ្ជូន និងប្រតិបត្តិការនានាជិត ២០០ដុល្លារក្នុងមួយកុងតឺន័រ បើធៀបនឹងការដឹកជញ្ជូនតាមប្រទេសវៀតណាម។ តាមរយៈការកាត់បន្ថយថ្លៃចំណាយនេះ ធ្វើឱ្យកម្ពុជាបង្កើននូវឧត្តមភាពនៃការប្រកួតប្រជែង។
បន្ទាប់ពីបានពន្យល់ពីលក្ខណៈបច្ចេក និងផលប្រយោជន៍ដែលនឹងទទួលបានពីព្រែកជីកនេះអស់រយៈពេលជាង១ម៉ោង លោកឧបនាយករដ្ឋមន្ត្រី ក៏បានបើកឱកាសអ្នកចូលរួមឡើងចោទជាសំណួរយ៉ាងច្រើនផងដែរ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ ដោយប្រើរយៈពេលប្រមាណ២៦ខែ។ គម្រោងនេះមានជម្រៅទឹកត្រឹមតែ ៥.៤ម៉ែត្រប៉ុណ្ណោះ៕