ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ពលរដ្ឋកុំទៅទិញដីនៅតាមគម្រោងព្រែកជីកហ្វូណនតេជោ
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ទៅកាន់ប្រជាពលរដ្ឋកុំទៅទិញដីនៅតាមគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះរាជរដ្ឋាភិបាលបានអនុក្រឹត្យបង្កកដីទាំងនោះអស់ហើយ។ ផ្ទុយទៅវិញ ចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើគម្រោងព្រែកជីកនេះឱ្យបាន។ ការថ្លែងបែបនេះនៅក្នុងបទបង្ហាញពីគម្រោងព្រែកជីកហ្វូណន-តេជោ ជូនដល់មន្ត្រី សាស្ត្រាចារ្យ និងនិស្សិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា (តិចណូ) នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤។
លោក ស៊ុន ចាន់ថុល ថ្លែងដូច្នេះថា «ក៏សូមអំពាវនាវដែរ សុំកុំរត់ទិញដីនៅតាមព្រែកជីកហ្នឹង ទិញមួយការ៉េ ៥០សេន រដ្ឋាភិបាលចង់យក លក់ឱ្យមួយការ៉េ ១០ដុល្លារ អត់ទេ ចូលរួមជាមួយជាតិយើង កុំអាលទៅទិញ តើទិញប្រយ័ត្នខុស ព្រោះចេញអនុក្រឹត្យបង្កកទាំងអស់»។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋបានសិក្សាផលប៉ះពាល់ពីគម្រោងព្រែកជីក ហ្វណនតេជោរួចអស់ហើយ ពោល គឺគម្រោងនេះមានផលប៉ះពាល់តិចតួចបំផុត ដោយលោក បញ្ជាក់ថា នៅតាមព្រែកជីកនេះ ភាគច្រើនជាដីវាលស្រែ។ ពាក់ព័ន្ធនឹងផលប៉ះពាល់នេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជួនឯកសារទាំងអស់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ដើម្បីធ្វើការដោះស្រាយផលប៉ះពាល់ទាំងនេះទៅតាមច្បាប់ ដូចតែការអនុវត្តកន្លងរួចមកហើយចំពោះគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ភ្នំពេញ-បាវិត និងផ្លូវផ្សេងៗទៀត ពោល គឺមិនមានបញ្ហាធំដុំនោះទេ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ដែមថា ពាក់ព័ន្ធនឹងការចំណាយ ក៏ដូចជាការផ្ដល់សំណងប៉ុន្មានប៉ុនណានោះ ក៏ក្រសួងសេដ្ឋកិច្ច ជាអ្នកវាយតម្លៃ ដោយរដ្ឋមិនមែនយកដីប្រជាពលរដ្ឋ ដោយគ្មានបង់កម្រៃនទេ គ្រាន់តែសំណងទាំងនេះមិនអាចទាមទារទៅតាមទីផ្សារបានឡើយ៕