សិក្ខាកាម Re-Skill, Up-Skill ថាកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ១,៥ លាននាក់គឺជាឱកាសពង្រឹងសមត្ថភាពបន្ថែម
ភ្នំពេញ៖ សិក្ខាកាមដែលកំពុងសិក្សាជំនាញបន្ថែម Re-Skill និង Up-Skill បានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជាឱកាសក្នុងការបង្កើនសមត្ថភាពជំនាញ អភិវឌ្ឍន៍ខ្លួនឱ្យបានខ្ពស់ជាងមុន ទាំងការងារ និងប្រាក់ចំណូល។
លោកបន្ថែមថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺមានសារសំខាន់ណាស់សម្រាប់ពលរដ្ឋកម្ពុជា ហើយជាឱកាសមួយសម្រាប់ពលរដ្ឋទាំងឡាយដែលចង់សិក្សាជំនាញរយៈពេលខ្លី ហើយមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានប្រាក់ចំណូលសមរម្យ។
ដោយឡែកលោក ឡេង វណ្ណៈ បុគ្គលិកនៃក្រុមហ៊ុនវីតាល់ដែលបច្ចុប្បន្នកំពុងសិក្សាជំនាញនៅវិទ្យាស្ថានជាតិពហុបច្ចេកទេស ផ្នែក Automation ក៏បានលើកឡើងដែរថា៖«ខ្ញុំសម្រេចចិត្តមកសិក្សាជំនាញបន្ថែមនេះពីព្រោះខ្ញុំចង់អភិវឌ្ឃន៍សមត្ថភាពឱ្យល្អជាងមុន ហើយលើសពីនេះទៅទៀតដើម្បីជាឱកាសក្នុងការចាប់យកអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀតពីក្រុមហ៊ុនបច្ចុប្បន្ន»។
លោកបន្ថែមថា ការសិក្សាជំនាញបន្ថែមតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺមានសារសំខាន់ណាស់ក្នុងការអភិវឌ្ឍជំនាញ និងបង្កើតជំនាញ ពីព្រោះការសិក្សាមានរយៈពេលខ្លី និងសិក្សាដោយឥតគិតថ្លៃ លើសពីនេះទៅទៀតការសិក្សាមានគុណភាព ច្បាស់ និងមានការយកចិត្តទុកដាក់។
ទន្ទឹមនឹងនេះសិក្ខាកាមដែលកំពុងរៀនជំនាញនេះបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលអាចបើកឱកាសឱ្យពលរដ្ឋដែលមានការងារធ្វើ និងមិនមានការងារធ្វើមករៀនជំនាញ និងបន្ថែមជំនាញបានដោយឥតគិតថ្លៃ។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្នុងនោះដែរកម្មវិធីនេះក៏ត្រូវបានអនុញ្ញាតឱ្យពលរដ្ឋទាំងឡាយណាដែលមានការងារធ្វើក៏មានឱកាសមកសិក្សាជំនាញបន្ថែមទៀត (Re-Skill, Up-Skill) ពីលើការងារបច្ចុប្បន្នដោយឥតគិតថ្លៃ៕