រថយន្តបុកក្មេងប្រុសរត់ឆ្លងថ្នល់តាមឪពុកពីក្រោយ បណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ រថយន្តបុកក្មេងប្រុសរត់ឆ្លងថ្នល់តាមឪពុកពីក្រោយ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៦០-១៦១ ស្ថិតនៅភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៣០នាទីល្ងាច បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ៖ មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាក LEXUS.RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-6486 បើកបរដោយឈ្មោះ សុន សើរ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប៉ោយស្វាយ ឃុំដាត្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (មិនរងរបួស) លេខប័ណ្ណបើកបរ : B.KCHH.0028156 មុខរបរកសិករ (ធ្វើចរាចរណ៍ពីលិចទៅកើត) លុះមកដល់ចំណុចកើតហេតុខាងលើបានបុកក្មេងប្រុសរត់ឆ្លងថ្នល់តាមឪពុកពីក្រោយ (ពីត្បូងទៅជើង) បណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ ជនរងគ្រោះឈ្មោះ អៀ សុងហេង ភេទប្រុស អាយុ៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអណ្តូងស្នាយ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង(ស្លាប់)។ យោងតាមនិទ្ទេសរបស់ លោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង២៨នាទីល្ងាច បានបញ្ជាតាមទូរសព្ទអោយធ្វើកំណត់ហេតុប្រគល់ ទទួលសពឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងទៀតថា ៖ បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីមូលហេតុ ៖ អាណាព្យាបាលក្មេងខ្វះការប្រុងប្រយ័ត្ន និងរថយន្តប្រើប្រាស់ល្បឿនលឿន។ ចំពោះវត្ថុតាងរថយន្ដ១គ្រឿង រួមទាំងអ្នកបើកបររថយន្តសមត្ថកិច្ចបានប្រគល់ឲ្យទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយតាមនីតិវិធី៕