ស្ថាប័នពាក់ព័ន្ធ រួមគ្នាផលិតខ្សែវីដេអូអប់រំខ្លី ដើម្បីបង្ការការពារ និងទប់ស្កាត់ជំងឺមិនឆ្លងនៅកម្ពុជា

គណៈកម្មការសុខាភិបាល នៃរដ្ឋសភា​ និងស្ថាប័នពាក់ព័ន្ធ បានបង្ហាញការប្តេជ្ញាចិត្តថា នឹងផលិតខ្សែវីដេអូអប់រំខ្លីស្ដីពីការបង្ការការពារ និងទប់ស្កាត់ជំងឺមិនឆ្លងនៅព្រះរាជាណាចក្រកម្ពុជា ខណៈជំងឺមិនឆ្លងគឺជាបញ្ហាប្រឈមលើផ្នែកសុខភាព ដែលកំពុងតែកើនឡើងនៅកម្ពុជា និងបានសម្លាប់ប្រជាជន ប្រមាណជិត ៦០.០០០នាក់ គឺប្រមាណ៦៤% នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។

នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងលោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី​ នៃរដ្ឋសភា និងសមាជិកគណៈកម្មការ បានទទួលជួបពិភាក្សាការងារ និងស្តាប់បទបង្ហាញរបស់ក្រុមកោះស្លាកែតស្ទូឌីយោ ដឹកនាំដោយ​ លោក ពេជ្រ ចិត្រា ប្រធានស្ទូឌីយោកោះស្លាកែត និងក្រុមការងារ លើខ្លឹមសារ​ និងផែនការដើម្បីផលិតខ្សែវីដេអូអប់រំខ្លីទាក់ទងនឹងការបង្ការការពារ និងទប់ស្កាត់ជំងឺមិនឆ្លង នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សានោះដែរ លោក ពេជ្រ ចិត្រា បានលើកឡើងថា ការធ្វើវីដេអូអប់រំទាក់ទងនឹងប្រភេទជំងឺមិនឆ្លងដែលបង្កឲ្យមានការស្លាប់ច្រើនជាងគេនៅកម្ពុជា​ មានដូចជា​ ជំងឺបេះដូង-សរសៃឈាម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែម។

ដោយលោកបានបន្តថា៖«ជំងឺទាំងអស់នេះ បានកើតឡើងដោយសារកង្វះខាតក្នុងការធ្វើលំហាត់ប្រាណ និងការទទួលទានរបបអាហារមិនបានប្រុងប្រយ័ត្ន​ មានដូចជា​ ការទទួលទានគ្រឿងស្រវឹង ការប្រើប្រាស់ថ្នាំជក់ ឬជក់បារីច្រើន​ ការទទួលទានអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព (ការបរិភោគអាហារផ្អែ​ម​ ប្រៃ ប្រើប្រាស់ខ្លាញ់ ការទទួលទានបន្លែ និងផ្លែឈើមិនគ្រប់គ្រាន់​ និងខ្វះអនាម័យ) និងបញ្ហាមានខ្យល់កខ្វក់ក្នុងមជ្ឈដ្ឋានរស់នៅ»។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី​ នៃរដ្ឋសភា និងសមាជិកគណៈកម្មការ បានថ្លែងអំណរគុណដែលបានយកចិត្តទុកដាក់លើការផលិតខ្សែវីដេអូអប់រំខ្លី ទាក់ទងនឹងការទប់ស្កាត់ បង្ការការពារជំងឺមិនឆ្លងនៅកម្ពុជា។

លោកស្រី​ ឡោក ខេង បានបន្តថា៖«ជំងឺមិនឆ្លងគឺជាបញ្ហាប្រឈមលើផ្នែកសុខភាព ដែលកំពុងតែកើនឡើងក្នុងព្រះរាជាណាចក្រកម្ពុជា និងបានសម្លាប់ប្រជាជន ប្រមាណជិត ៦០.០០០នាក់ គឺប្រមាណ៦៤% នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ ប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមបួននាក់ (២៣%) បានស្លាប់មុនអាយុ ៧០ឆ្នាំ ដោយសារជំងឺមិនឆ្លងមួយក្នុងចំណោមជំងឺមិនឆ្លងទាំងបួន គឺជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែម»។

លោកពីនេះ លោកស្រីថា៖«ជំងឺសរសៃឈាម​ និងបេះដូង គឺជាជំងឺដែលកើតញឹកញាប់ជាងគេដែលបង្កការស្លាប់ ២៤% បន្ទាប់មកគឺជំងឺមហារីក ១៤% ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ៤% និងជំងឺទឹកនោមផ្អែម ២%។ ចំពោះមនុស្សពេញវ័យ អត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែម ៩,៦% និងជំងឺលើសសម្ពាធឈាម ១៤,២%។ ប្រមាណ ៤៥%​ នៃមនុស្សពេញវ័យដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ​ មានជាតិកូឡេស្តេរ៉ុលសរុបខ្ពស់ ដែលបង្ហាញពីការទទួលទានរបបអាហារដែលមានកម្រិតខ្លាញ់ចំរាញ់ពីសត្វ និងខ្លាញ់ឆ្អែតខ្ពស់»។

លោកស្រី បានបន្ថែមទៀតថា ជំងឺមិនឆ្លង មានដូចជា​ ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម ជំងឺខ្សោយការចងចាំ ជំងឺអារម្មណ៍មិននឹងនរ។

តាមរយៈកិច្ចប្រជុំខាងលើ ស្ថាប័នពាក់ព័ន្ធ បានបង្ហាញក្តីសង្ឃឹមថា ការផលិតវីដេអូអប់រំខ្លីទាក់ទងការទប់ស្កាត់ជំងឺមិនឆ្លង ដែលផលិតឡើងដោយគណៈកម្មការទី៨ នៃរដ្ឋសភា រួមសហការជាមួយស្ទូឌីយោកោះស្លាកែត នឹងជំរុញធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីបញ្ហាជំងឺមិនឆ្លង និងវិធីសាស្ត្រនៃការទប់ស្កាត់ជំងឺនេះកាន់តែស៊ីជម្រៅថែមទៀត៕ អត្ថបទ៖ ពិសីMay be an image of 1 person and text

May be an image of 13 people and textMay be an image of 10 people

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds