រថយន្តម៉ាកTUNDRA មួយគ្រឿង ត្រូវរថភ្លើងបុកប៉ើងរហូតផ្ងារជើងធ្លាក់ចូលប្រឡាយនៅលើកំណាត់ផ្លូវដែកមួយកន្លែង ក្នុងភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល
ខេត្តបាត់ដំបង៖ រថយន្តម៉ាកTUNDRA មួយគ្រឿង ដែលបើកបរដោយជនជាតិចិន ត្រូវរថភ្លើងបុកប៉ើងរហូតផ្ងារជើងធ្លាក់ចូលប្រឡាយ តែសំណាងល្អគ្មានអ្នករបួស ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២៨ មេសា នៅលើកំណាត់ផ្លូវដែកមួយកន្លែង ក្នុងភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល។
តាមរយៈរបាយការណ៍អធិការស្រុកថ្មគោល លោក សេង លុច បានឲ្យដឹងថា រថយន្តដែលត្រូវរថភ្លើងបុកផ្ងារជើងនោះម៉ាក TOYOTA TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BS-8931 អ្នកបើកបរឈ្មោះ លាវ ប៊ីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន និងអ្នករួមដំណើរឈ្មោះ ហុង ចាន់រិទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ពួកគេរស់នៅភ្នំពេញ។
លោកអធិការបានបញ្ជាក់ថា រថយន្តដែលបើកបរដោយជនជាតិចិន ត្រូវរថភ្លើងបុក នៅពេលព្យាយាមបើកឆ្លងកាត់ផ្លូវរថភ្លើង ដោយខ្វះការប្រុងប្រយ័ត្ន ទើបត្រូវរថភ្លើងបុកពេញទំហឹងចំពាក់កណ្ដាលចំហៀងខាងស្ដាំ ប៉ើងធ្លាក់ប្រឡាយតែម្ដង តែសំណាងល្អពុំមានអ្នករបួសទេ គ្រាន់តែរលាត់ស្បែកតិចប៉ុណ្ណោះ។
បើតាមមន្ត្រីចរាចរណ៏ដែលចុះពិនិត្យកន្លែងកើតហេតុ និងសាក្សីនៅទីនោះ បាននិយាយថា រថយន្តបើកមកពីទិសខាងត្បូងទៅជើង ហើយរថភ្លើងធ្វើដំណើរពីទិសខាងកើតឆ្ពោះទៅខាងលិច។ ប្រភពដដែលបានបញ្ជាក់ថា ពេលដល់ចំណុចកើតហេតុ គេឃើញរថយន្តបានព្យាយាមបើកឆ្លងកាត់ផ្លូវរថភ្លើង បើទោះជារថភ្លើងបន្ថយល្បឿនយឺតៗជាមួយនឹងស៊ីផ្លេយ៉ាងកងរំពងក្ដី ក៏រថយន្តនៅតែព្យាយាមបើកឆ្លងកាត់ ទើបត្រូវរថភ្លើងបុកចំពាក់កណ្ដាលតែម្ដង។
មន្ត្រីចរាចរណ៍បានបញ្ជាក់ដែរថា រថភ្លើងបានបុករុញរថយន្តប៉ុន្មានម៉ែត្រ រហូតរថយន្តធ្លាក់ស្នាមភ្លោះផ្ងារជើងតែម្ដង។ ក្រោយកើតហេតុ រថភ្លើងបានបន្តដំណើរទៅមុខ តែរថយន្តត្រូវបានមន្ត្រីចរាចរណ៍នាំយកមករក្សាទុក ដើម្បីរងចាំភាគីទាំងពីរចូលដោះស្រាយតាមនីតិវិធី៕