សម្តេចតេជោ ហ៊ុន សែនបានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ»

ថ្លែង​ក្នុង​ពិធី​អបអរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមា​គមន៍​ឧកញ៉ា​កម្ពុជា​ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ ២០២៤​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទាក់ទង​នឹង​គម្រោង «​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តាំ​ទៅ​មនុស្ស និង​ប្រទេស​មួយ​ចំនួន​ថា កុំ​ដុត​ផ្ទះ​របស់​កម្ពុជា ដើម្បី​តែ​ចំអិន​សាច់​មួយ​ដុំ​របស់​ពួក​អ្នកឯង​ឲ្យ​សោះ ខណៈ​គម្រោង​ព្រែកជីក​នេះ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ហើយនឹង​ក្លាយទៅជា​ចលនា​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​។

សម្តេចតេជោបានថ្លែងបន្តថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ បានសម្រេចជាស្ថាពរហើយនោះ គឺនឹងលែងមានការខ្វះខាតទឹកប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋទៀតនោះឡើយ ជាពិសេសគឺបងប្អូន ប្រជាពលរដ្ឋរស់នៅតំបន់ទិសនិរតីតែម្តង។ ព្រែកជីកហ្វូណនតេជោមានសារប្រយោជន៍ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្ទ ដោយមិនឆ្លងកាត់ប្រទេសដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេនោះទេ។ សម្ដេចតេជោបន្ថែមទៀតថា ពេលដែលវៀតណាមស្រួលចិត្តគេក៏ជួយសម្រួលដល់ការឆ្លងកាត់ទំនិញរបស់កម្ពុជា បើមិនស្រួលចិត្ត វៀតណាមគេក៏មិនសម្រួលឱ្យកម្ពុជានោះដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ព្រែកជីក “ហ្វូណនតេជោ” មានសារប្រយោជន៍ ជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតី ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នកំពុងប្រឈមនឹងការខ្វះខាត ទឹកសម្រាប់ដាំដុះដំណាំកសិកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានប្រកាសប្តេជ្ញាមិនឲ្យអ្នកណាមកបំផ្លាញ ចំពោះ គម្រោងព្រែកជីក​ “ហ្វូណនតេជោ​”​ បាននោះឡើយ ខណៈទាក់ទងនឹងគម្រោងនេះសម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកឧកញ៉ា លោកឧកញ៉ា និងអ្នកវិនិយោគិនទាំងអស់ចូលរួមធ្វើព្រែកជីកហ្វូណនតេជោនេះឲ្យខាងតែបាន។
សម្ដេចតេជោបានបញ្ជាក់ជាថ្មី ថា ព្រែកជីកហ្វូណនតេជោ មានសារប្រយោជន៍ជាប្រព័ន្ធជួយដល់ការរំដោះជំនន់នៅតំបន់ទិសនិរតី។ សម្ដេចតេជោបញ្ជាក់បន្ថែមទៀតថា សម្ដេចឈរនៅជាមួយរាជរដ្ឋាភិបាលគាំទ្ររាជរដ្ឋាភិបាល និងជួយកៀរគរថវិកាដើម្បីជួយរាជរដ្ឋាភិបាលដើម្បីធ្វើព្រែកជីកហ្វូណនតេជោនេះសម្រេចបានជោគជ័យ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា មូលហេតុដែលសម្ដេចប្រតិកម្មចំពោះការលើកឡើងរបស់វៀតណាមជាចំហបែបនេះ គឺមកពីមេដឹកនាំវៀតណាម មិនព្រមប្រាប់ទៅថ្នាក់ក្រោមរបស់ខ្លួន ដែលប្រតិកម្មច្រើនចំពោះកម្ពុជាលើករណីព្រែកជីកហ្វូណនតេជោនេះ។សម្តេចតេជោបានប្រាប់ទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវរដ្ឋវៀតណាមមួយ ថា កម្ពុជាមិនល្ងង់ដល់ថ្នាក់ឲ្យទឹកសាបហូរចូលសមុទ្រ ឬទឹកប្រៃចូលមកទឹកសាបនោះឡើយ ខណៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែរីកចម្រើន ហើយជាងនេះទៅទៀតនោះ គម្រោងនេះនឹងកាតបន្ថយការបង់ពន្ធទៅឲ្យវៀតណាមតាមរយៈការដឹកជញ្ជូនកាន់តែច្រើនផងដែរនោះ។
សម្តេចតេជោ បានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថា កម្ពុជាក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរទាក់ទងនឹងគម្រោងនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ជនរួមជាតិទាំងអស់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត និងថែមទាំងកាត់បន្ថយការបង់ពន្ធទៅឲ្យវៀតណាមផងដែរ តាមរយៈនៃការដឹកជញ្ជូនតាមផ្លូវទឹក៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds