កោះមាន់បង្កក ចំនួន ៧០កេសក្រដាស ស្មើនឹង ១,២៦០គីឡូក្រាម ត្រូវមន្ត្រីជំនាញបង្ក្រាបបាន
នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ចាប់ រួចធ្វើការត្រួតពិនិត្យជាក់ស្ដែង លើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅចំណុចជិតផ្សារធំថ្មី សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លើម៉ូតូកង់បីមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GZ-5475 ក្រុមការងារបានពិនិត្យឃើញមាន កោះមាន់បង្កក ចំនួន ៧០កេសក្រដាស ស្មើនឹង ១,២៦០គីឡូក្រាម ។
ក្រោយពិនិត្យជាក់ស្ដែង និងមានការសាកសួរទៅអ្នកបើកម៉ូតូបង់បី ជាមួយតំណាងម្ចាស់កោះមាន់បង្កកទាំងអស់នេះ បានឆ្លើយថា កោះមាន់បង្កកទាំងនេះ បានដឹកជញ្ជូនចេញពីឃ្លាំងរបស់ក្រុមហ៊ុន ហ៊ុន ទី នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឆ្ពោះទៅលក់ចែកចាយនៅតាមបណ្ដាខេត្ត ដោយគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ។ ហើយកោះមាន់បង្កកទាំងនោះ បានផុតសុពលភាពប្រើប្រាស់ ការដឹជញ្ជូនមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ កោះមាន់បង្កកមានការប្រែពណ៍ខុសពីទម្រង់ដើម លឿង ខ្មៅ ធុំក្លិន និងខូចគុណភាព ។