ឯកឧត្តម ស សុខា ស្តាប់បទបង្ហាញពាក់ព័ន្ធ ហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែង នៃលទ្ធិប្រជាធិបតេយ្យ

សហព័ន្ធស្វីស៖ ឈានចូលថ្ងៃទីពីរ នៃដំណើរទស្សនកិច្ច ពោលគឺនាព្រឹកថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៤ នេះ ត្រូវនឹងពេលរសៀលម៉ោងនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ស្ដាប់បទបង្ហាញចំនួនពីរ គឺ«របៀបរបបដំណើរការពហុកម្រិត នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» និង «ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស៖ យន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់»។

បទបង្ហាញស្ដីពី «របៀបរបបដំណើរការពហុកម្រិត នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» បានប្រព្រឹត្តទៅនៅក្រសួងហិរញ្ញវត្ថុ នៃសហព័ន្ធស្វីស។ ផ្អែកលើប្រធានបទនេះ ឯកឧត្តម Peter Schwendener ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងហិរញ្ញវត្ថុ សហព័ន្ធស្វីស បានពន្យល់អំពីប្រព័ន្ធពន្ធដារនិងការគ្រប់គ្រងដោយឯករាជ្យនៅកម្រិតថ្នាក់ទី៣ ការថ្លឹងថ្លែងចំពោះការផ្ដល់ហិរញ្ញវត្ថុស្មើគ្នានៅគ្រប់ថ្នាក់ ប្រព័ន្ធសមភាពហិរញ្ញវត្ថុ ផលប្រយោជន៍ និងបញ្ហាប្រឈម។

ចំណែកបទបង្ហាញស្តីពី«ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស៖ យន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់» បានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារBern ទីក្រុងBern។ ពាក់ព័ន្ធប្រធានបទនេះ លោកស្រីបណ្ឌិត Erika Schlappi និងលោកស្រី Eva Schamassmann បានបញ្ជាក់អំពីមធ្យោបាយនៃការចូលរួមរបស់សង្គមសុីវិលនៅក្នុងយន្តការលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ លទ្ធភាពរបស់អង្គការសង្គមសុីវិលក្នុងការបញ្ចុះបញ្ចូលទស្សនៈរបស់ខ្លួន និងបញ្ហាប្រឈម។

សូមជម្រាបជូនថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ នឹងបន្តទស្សនកិច្ចនៅសហព័ន្ធស្វីស រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មុននឹងបន្តដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds