ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ០២នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូន និងជួញដូរខុសច្បាប់នូវសារធាតុញៀនទម្ងន់សរុបចំនួន ៦.៧៧៧,១១ក្រាម សាច់ថ្នាំសុទ្ធ

បន្ទាយមានជ័យ៖ ជនសង្ស័យប្រុស ស្រី ០២នាក់ រួមទាំងវត្ថុតាងក្រោយពីឃាត់ខ្លួនត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់ ។
យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំង បទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់ចេញនូវបទបញ្ជាដល់ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ក៏ដូចជានគរបាលជំនាញប្រឆាំងគ្រឿងញៀនអធិការដ្ឋាននគរបាល ក្រុង ស្រុក ត្រូវស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញឲ្យដូចជាភ្លៀងរលឹម លើបទល្មើសគ្រឿងញៀនចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ។ ជាលទ្ធផលនៅវេលាម៉ោង១២យប់រំលងអាធ្រាតថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះបង្រ្កាបករណីដឹកជញ្ជូន និងជួញដូរខុសច្បាប់នូវសារធាតុញៀននិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលធ្វើតេស្តស្វែងរកសារធាតុញៀនជាប់០១នាក់ (ប្រុស) ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានបញ្ជាក់ថា៖ជនសង្ស័យទាំង០២នាក់ ៖១ ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកជួញដូរគ្រឿងញៀនរស់នៅភូមិ មិត្តភាព សង្គាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២ ឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ រស់នៅភូមិ អូរឬស្សីលើ សង្កាត់ អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ទៀតថា៖ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖១,ម្សៅម៉ត់សថ្លា(MDMA)ចំនួន ០១ថង់ ស្មើទម្ងន់២,១១ក្រាមសាច់ថ្នាំសុទ្ធ។២,ថ្នាំកញ្ចប់រូបទំពាំងបាយជូមានអក្សGrapa frait tea(MDMA)ចំនួន៥០០កញ្ចប់ ស្មើទម្ងន់៤,៤៧០ក្រាម សាច់ថ្នាំសុទ្ធ។៣,ថ្នាំកញ្ចប់ពណ៍ក្រហមរូបសេះ(MDMA)ចំនួន៥០០កញ្ចប់ស្មើទម្ងន់២,៣០៥ក្រាមសាច់ថ្នាំសុទ្ធ ។៤,រថយន្តចំនួន០១គ្រឿង ម៉ាកព្រូសពណ៍ស ។៥,ទូរស័ព្ទដៃចំនួន០២គ្រឿង ។ ទម្ងន់សរុបចំនួន ៦.៧៧៧,១១ក្រាម សាច់ថ្នាំសុទ្ធ ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds