លោកហេង សួររដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខលតាមវីឌីអូជួបជាមួយពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត

កាលពីម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខលតាមវីឌីអូជួបជាមួយពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងក្រសួងការបរទេស ឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

លោក ហេង សួរ បន្ថែមថា “ខ្ញុំពិតជាបានធូរស្បើយក្នុងចិត្តពេលបានជួបនិយាយជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យឃើញថាសុវត្ថិភាពរបស់បងប្អូនត្រូវបានធានា។ ពេលនេះ លោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបបាននិងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូនដែលនៅតំបន់ផ្សេងទៀតផងដែរ”។

រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់លោក រដ្ឋមន្ត្រីក្រសួងការងារ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds