សាលាបឋមជាង៣០០ ទទួលការបរិភោគទឹកបរិសុទ្ធកម្រិតស្តងដាអន្តរជាតិដោយឥតគិតថ្លៃ តាមរយៈគម្រោងរបស់អង្គការទឹកស្អាត ១០០១
(សៀមរាប)៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធមួយចំនួនទៀត ក្នុងការផ្ដល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ជនបទឱ្យបាន ៩០% និងនៅឆ្នាំ២០២៥ អង្គការទឹកស្អាត ១០០១ បានផ្តល់ជូនទឹកបរិសុទ្ធប្រកបដោយគុណភាព ស្តងដារបច្ចេកទេសកម្រិតអន្តរជាតិ ជូនដល់សិស្សានុសិស្សតូចៗដែលកំពុងសិក្សាថ្នាក់បឋមសិក្សាដោយឥតគិតថ្លៃ។
លោក ទិត្យ លីស៊រ័ ជាមន្ត្រីបណ្តុះបណ្តាល និងជ្រើសរើសសហគ្រិនរបស់អង្គការទឹកស្អាត ១០០១ បានឱ្យដឹងថា គិតមកដល់ឆ្នាំ២០២៤នេះ អង្គការបានពង្រីកទីតាំងស្ថានីយទឹកស្អាតបានចំនួន ៣៣២ទីតាំងហើយ ដោយក្នុងនោះស្ថានីយចម្រុះទឹកស្អាត គឺមានទីតាំងនៅក្បែរសាលារៀនកម្រិតបឋមសិក្សា។ បន្ថែមពីនេះ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ កម្រិតបឋមសិក្សា ក៏ទទួលបានការញាំទឹកបរិសុទ្ធ O-WE ដែលមានគុណភាពខ្ពស់តាមបច្ចេកទេសមកពីប្រទេសបារាំងផងដែរ។
លោកថា៖ «ប្រភពទឹកដែលយកមកបន្សុទ្ធមានចំនួន២ប្រភេទ គឺទឹកបានមកពីលើដី (ស្រះ ទំពាំង អូរ ស្ទឹង) និងទី២ ប្រភពទឹកក្រោមដី (ទឹកអណ្តូង) សម្រាប់ប្រភពទឹកត្រូវឆ្លងកាត់កាតត្រួតពិនិត្យយ៉ាងល្អិតល្អន់តាមលក្ខណៈបច្ចេកទេស សម្រាប់អង្គការ ១០១ មិនមែនមានតែទីតាំងមួយនោះទេ យើងមានរហូតទៅដល់ ៣៣២ទីតាំងហើយ មានចំនួន១៨ខេត្ត ដែលគម្រោងអនុវត្តន៍ ក្នុងនោះអ្នកដែលទទួលផលពីទឹកបរិសុទ្ធ O-WE មានចំនួន១លាននាក់ ក្នុងនោះ៣៧ម៉ឺននាក់ ជាសិស្សសាលាបឋមសិក្សា ហើយផ្តល់ទឹកបរិសុទ្ធជូនសាលាគឺមិនគិតថវិកាពីសាលានោះទេ»។
លោក ទិត្យ លីស៊រ័ បានបន្តថា សម្រាប់ទឹកបរិសុទ្ធ O-WE នេះត្រូវបានផ្តល់ជូនសាលាកម្រិតបឋមសិក្សាចំនួន៣៣២ទីតាំង ហើយក្នុងមួយសាលារៀន ចំនួន ៣០ធុង ក្នុងមួយធុងមានចំណុះ២០លីត្រ ក្នុង១ថ្ងៃ។ ក៏ប៉ុន្តែ សម្រាប់ការបែងចែកទឹកបរិសុទ្ធដល់សាលារៀននេះក៏ត្រូវកំណត់ជាក់ស្តែងលើបរិមាណនៃការចែកចាយទឹកបរិសុទ្ធនេះទៅកាន់អតិថិជនផងដែរ មានន័យថាប្រសិនបើទីតាំងណាមួយលក់បានច្រើននោះសាលារៀននឹងទទួលបានទឹកបរិសុទ្ធញាំកាន់តែច្រើនជាដើម។
«យើងផ្តោតសំខាន់ផ្តល់ទឹកសុវត្ថិភាពជូនប្រជាជន យើងអត់ផ្តោតសំខាន់ទៅលើតម្លៃនោះទេ យើងអត់ខ្វល់នឹងការប្រកួតប្រជែងនោះតម្លៃនោះទេ យើងមានការចុះបញ្ជីត្រឹមត្រូវ ទឹកបរិសុទ្ធ O-WE ជាទឹកសហគមន៍ ដូច្នេះអាជ្ញាធរ និងប្រជាពលរដ្ឋជាម្ចាស់ស្ថានីយចម្រុះទឹកបរិសុទ្ធរបស់យើងនេះហើយ»។ នេះជាការលើកឡើងបន្ថែមរបស់លោក លីស៊រ័។
ដោយឡែកសម្រាប់តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប បានលើកឡើងថា មន្ទីរបានគាំទ្រពេញទំហឹងជាមួយស្ថានីយ៍ផលិតទឹកបរិសុទ្ធ O-WE ស្ថិតនៅសាលាបឋមសិក្សាវត្តល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខណៈស្ថានីយចម្រុះទឹកស្អាតនេះគឺមានការគាំទ្រដោយគម្រោង CCCAC នៃក្រសួងបរិស្ថាន។ សម្រាប់ទឹកបរិសុទ្ធ O-WE នេះគឺមានអត្ថប្រយោជន៍ដល់សុខភាពអ្នកបរិភោគ មានតម្លៃសមរម្យ។
ដោយឡែកអ្នកស្រី សយ សារ៉េត ជាសហគ្រិនផលិតទឹកបរិសុទ្ធ O-WE បានរៀបរាប់ មុននឹងចាប់យកអាជីពជាអ្នកចម្រុះទឹកបរិសុទ្ធសម្រាប់ចែកចាយនៅក្នុងមូលដ្ឋានឃុំត្រពាំងធំនេះ គាត់ប្រកបមុខរបរធ្វើជាកម្មករសំណង់ ប៉ុន្តែ ក្រោយពីទទួលបានបច្ចេកទេសផលិតទឹកបរិសុទ្ធពីអង្គការទឹកស្អាត ១០០១ មកលោកស្រីបានចាប់ផ្តើមជាជីពផលិតទឹកបរិសុទ្ធនេះជាង២ឆ្នាំ ដោយបានកែប្រែកម្រិតជីវភាពរបស់គ្រួសារអ្នកស្រីបានមួយកម្រិតផងដែរ។
អ្នកស្រី សយ សារ៉េត បានឱ្យដឹងថា នៅក្នុងមួយថ្ងៃស្ថានីយផលិតទឹកបរិសុទ្ធរបស់អ្នកស្រីមានលទ្ធភាពផលិតទឹកបាន ១០០ធុង ដែលមានចំណុះ២០លីត្រ សម្រាប់ការផលិតទឹកបរិសុទ្ធ O-WE នេះមិនមានការលំបាកនោះទេ ដោយសារតែមន្ត្រីជំនាញរបស់អង្គការទឹកស្អាត ១០០១ ជាត្រួតពិនិត្យដោយផ្ទាល់ចំពោះបញ្ហាបច្ចេកទេសផ្សេងៗ។
អង្គការទឹកស្អាត ១០០១ បានសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទតាំងពីឆ្នាំ២០០៥មក ដែលរហូតមកដល់ពេលនេះ បានផ្ដល់ទឹកស្អាតជូនប្រជាពលរដ្ឋតាមរយៈសង់ស្ថានីយ៍ផលិតទឹកស្អាត ដោយប្រើប្រាស់ធុងចំណុះ ២០លីត្រ លក់ជូនប្រជាពលរដ្ឋមានតម្លៃសមរម្យ។ អង្គការទឹកស្អាត ១០០១ បានផ្ដល់ទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ១លាននាក់ ក្នុងខេត្តគោលដៅទាំង ១៨ខេត្ត ជាមួយនេះអង្គការគ្រោងនឹងសាងសង់ស្ថានីយ៍ផលិតទឹកស្អាតឱ្យបាន ៩០កន្លែង ដើម្បីរំដោះប្រជាពលរដ្ឋដែលខ្វះទឹកស្អាតប្រើប្រាស់ប្រមាណជាង ១លាននាក់៕