អ្នកសារព័ត៌មានប្រមាណ៣០នាក់ត្រូវបានហាមមិនឲ្យចូលយកព័ត៌មានក្នុងពិធីប្រកាសតែងតាំងស្នងការខេត្តសៀមរាប នៅព្រឹកនេះ
ក្នុងពិធីប្រកាសតែងតាំងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មាននោះទេ ដោយអះអាងថា គ្មាននៅក្នុងបញ្ជីវត្តមាន។
ប្រភពពីមន្ត្រីរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាប គឺមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មានច្រើនពេកនោះទេ គឺពួកគាត់ឲ្យចូលតែទៅតាមតារាងឈ្មោះក្នុងបញ្ជីវត្តមានដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប តែប៉ុណ្ណោះ។
ការបិទមិនឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មានត្រូវក្រុមអ្នកសារព័ត៌មានប្រមាណជិត៣០នាក់បានសំដែងការមិនសប្បាយចិត្ត ដោយលើកឡើងថា ការធ្វើបែបនេះ ហាក់បីដូចជាបិទសិទ្ធិសេរីភាពលើអ្នកសារព័ត៌មាន ព្រោះទីតាំងរដ្ឋបាលខេត្តជាកន្លែងសាធារណៈរបស់រដ្ឋហេតុអីមិនឱ្យអ្នកសារព័ត៌មានចូលទៅយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរមកកាន់ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ពិធីប្រកាសចូលកាន់តំណែងធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមេសា ក្រោមអធិបភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើននាក់ក្នុងខេត្តសៀមរាបផងដែរ៕