ថ្ងៃបើកសង្វៀន DRAGON KUN KHMER TOP5 របស់ថោន ប្រជុំដោយកីឡាករគុនខ្មែរជួរមុខ
(គុនខ្មែរ)៖ ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ អ្នកស្នេហា និងគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ នឹងទទួលបាននូវទស្សនីយ៍ភាពថ្មី ស្តីពីការប្រកួតគុនខ្មែរដ៏គួរឱ្យជក់ចិត្ត ដិតអារម្មណ៍ថែមទៀតពីស្ថានីយទូរទស្សន៍ថោន គឺ កម្មវិធី DRAGON KUN KHMER TOP5 នឹងបើកដំណើរការប្រកួតរបស់ខ្លួននៅរៀងរាល់ថ្ងៃសៅរ៍ ទី១៣ ខែមេសានេះ ចាប់ពីវេលាម៉ោង៨យប់តទៅ។
ថ្លែងក្នុងសន្និសីទកាសែត នៃកម្មវិធី DRAGON KUN KHMER TOP5 ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ទីប្រឹក្សាជាន់ខ្ពស់ស្ថានីយទូរទស្សន៍ថោន និងជាតំណាង IPCC គុនខ្មែរប្រចាំព្រះរាជាណាចក្រកម្ពុជា លោកថម មីគីម បានអោយដឹងថា ការប្រកួតកម្មវិធី DRAGON KUN KHMER TOP5 ដែលប្រជុំដោយកីឡាករកម្ពុជា និងកីឡាករបរទេស ដោយក្នុងនោះមានការប្រកួតដណ្តើមខ្សែក្រវាត់រហូតដល់ទៅ៥ខ្សែក្នុងថ្ងៃតែមួយ។ លោកថា នេះគឺជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយ ក្នុងចំណោមកម្មវិធីធំៗរបស់ស្ថានីយទូរទស្សន៍ថោនបានរៀបចំដើម្បីលើកស្ទួយ ក៏ដូចជាផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក។
លោកបន្ថែមថា ព្រឹត្តិការណ៍នេះជាមោទនៈភាពដែលកម្ពុជាយើងមានកីឡាករកម្រឹតពិភពលោករងចាំទទួលស្វាគមន៍កីឡាករបរទេស ដែលរួមមានធឿន ធារ៉ា ផល សោភណ្ឌ័ រឿង សោភណ្ឌ័ អេ អាំម៉ារិនភូថង និងពេជ្រ សម្បត្តិ។ ដោយឡែកកីឡាករបទេសបរទេសែលមកប្រកួតនៅសង្វៀន DRAGON KUN KHMER TOP5 នេះសុទ្ធសឹងតែជាជើងខ្លាំង និងជាម្ចាស់ខ្សែក្រវាត់។ លោកសង្កត់ធ្ងន់ថា «យើងដឹងហើយថាម្ចាស់ខ្សែក្រវាត់ស្រុកគេ ទម្រាំបានខ្សែក្រវាត់មួយៗគឺពិបាកណាស់ ហើយមិនអាចចេះតែបាននោះទេ»។
ចំណែកលោក ខូវ ឆាយ ប្រធានសហពន្ធ័ប្រដាល់គុនខ្មែរ បានអោយដឹងថា ក្នុងនាមសហព័ន្ធកីឡាគុនខ្មែរថ្មី និងរូបលោកផ្ទាល់សូមកោតសរសើរដល់ស្ថានីយទូរទស្សន៍ TOWN FULL HDTV តែងតែរៀបចំការប្រកួតខ្នាតធំដើម្បីជួយលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ ឲ្យល្បីល្បាញលើកឆាកអន្តរជាតិ តាមរយៈប្រកួតនេះ។ ជាមួយគ្នានេះដែរលោកបានស្នើអោយចៅក្រម អជ្ញារកណ្តាល ត្រូវតែផ្តល់ពិន្ទុដោយយុត្តិធម៌ដល់កីឡាករគ្រប់គូទាំងអស់។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍DRAGON KUN KHMER TOP5 របស់ស្ថានីយទូរទស្សន៍ថោន កាន់តែអស្ចារ្យជាមួយនឹងការរៀបចំ ដោយជ្រើសរើសចម្រាញ់យកតែកំពូលកីឡាករក្នុងស្រុកប្រកួតជាមួយនឹងកំពូលកីឡាករមកពីតាមបណ្ដាប្រទេសធំៗជាច្រើនប្លែកមិនធ្លាប់មានពីមុនមក។ ដោយឡែការប្រកួតនៅថ្ងៃនេះ គឺប្រជុំដោយកីឡាករខ្លាំងៗ ដែលក្នុងនោះមានការប្រកួតដណ្តើខ្សែក្រវាត់ ការប្រកួតដណ្តើមពាន និងការប្រកួតមិត្តភាពអន្តរជាតិជាច្រើនគូផងដែរ៕