កម្លាំងជាង២ពាន់នាក់ ត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំ នៅក្រុងភ្នំពេញ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកងកម្លាំងនគរបាលជាង២ពាន់នាក់ដើម្បីការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០២៤នេះ។ នេះបើយោងតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងនៅថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ខាងមុខនេះ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹងនាំរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមរួចជាស្រេចកងកម្លាំងនគរបាលជាតិជាង២ពាន់នាក់ រួមទាំងសម្ភារមធ្យោបាយឧបករណ៍ផ្សេងៗបម្រើឲ្យកិច្ចការការពារសន្តិសុខសុវត្ថិភាព និងប្រើប្រាស់ឲ្យមានកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ កម្លាំងប្រចាំបញ្ជា កម្លាំងការពារគោលដៅសុវត្ថិភាពតាមទីវត្តអារាម ទីផ្សារតូចធំ និងកន្លែងរម្យនីយដ្ឋានផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាសម្រួលដោះស្រាយចរាចរណ៍ជាដើម។

លោកបន្ថែមថា យោងតាមអង្គប្រជុំកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យមានការក្ដាប់មុខសញ្ញា និងទប់ស្កាត់អំពើបង្កចលាចលក្នុងសង្គមមិនឲ្យកើតមាននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះឡើយ។ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាឲ្យអធិការខណ្ឌទាំង១៤ត្រូវតាមដាន និងទប់ស្កាត់មុខសញ្ញាឆក់ លួច ប្លន់ គាស់ផ្ទះក៏ដូចជាក្មេងទំនើងជាដើម។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា​ បញ្ជាក់ថា កងកម្លាំងទាំងជាង២ពាន់នាក់នេះ នឹងចែកជា៨៤គោលដៅដើម្បីសម្រួលការកកស្ទះតាមដងផ្លូវ ជាពិសេសផ្លូវជាតិទាំង៦ក្នុងរាជធានីភ្នំពេញធ្វើយ៉ាងណាឲ្យពលរដ្ឋធ្វើដំណើរបានស្រួល និងឆាប់បានដល់គោលដៅ៕

May be an image of 8 people and text
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds