ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី “កិច្ចសហប្រតិបត្តិការអប់រំឧត្តមសិក្សា និងវិទ្យាសាស្រ្ត” រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ និងវប្បធម៌ នៃប្រទេសទីម័រខាងកើត

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី0៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “កិច្ចសហប្រតិបត្តិការអប់រំឧត្តមសិក្សា និងវិទ្យាសាស្ត្រ” រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ និងវប្បធម៌ នៃប្រទេសទីម័រខាងកើត ដឹកនាំដោយឯកឧត្ដម JOSÉ HONÓRIO DA COSTA PEREIRA JERÓNIMO រដ្ឋមន្ត្រីក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ និងវប្បធម៌ ជាប្រធានគណៈប្រតិភូ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា តំណាងអគ្គនាយកដ្ឋានឧត្តមសិក្សា តំណាងសាកលវិទ្យាល័យកម្ពុជា នាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍។
ថ្លែងក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ និងវប្បធម៌ នៃប្រទេសទីម័រខាងកើត បានសម្តែងក្តីរំភើបរីករាយដែលបានមកដល់ប្រទេសកម្ពុជា និងចូលរួមចុះអនុស្សរណៈនៃការយោគយល់គ្នា ដោយផ្ទាល់ជាមួយរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលនេះជាការបោះជំហានថ្មីមួយទៀតក្នុងភាពជាដៃគូលើវិស័យអប់រំរវាងប្រទេសទាំងពីរ ក៏ដូចជាថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រប្រទេសទីម័រខាងកើត ឱ្យក្លាយជាប្រទេសសមាជិកអាស៊ាន និងជួយឧបត្ថម្ភថ្នាំសង្កូវដល់ទីម័រខាងកើតក្នុងវិបត្តិកូវីដ-១៩ ។
មានប្រសាសន៍ក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺជាសក្ខីភាពនៃការប្ដេជ្ញាចិត្តបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងភាពជាដៃដើម្បីលើកកម្ពស់វិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ ឱ្យកាន់តែរីកចម្រើន តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរបទពិសោធន៍ និងការចល័តរបស់សិស្ស លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកសិក្សា ការបោះពុម្ពផ្សាយការសិក្សាស្រាវជ្រាវក្នុងវិស័យអប់រំ ការទទួលស្គាល់សញ្ញាបត្រគ្នាទៅវិញទៅមក កម្មវិធីផ្លាស់ប្តូរអាហារូបករណ៍ទ្វេភាគី ក៏ដូចជាការស្រាវជ្រាវរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សា ក្នុងគោលដៅគាំទ្រដល់ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សនៃប្រទេសទាំងពីរ។
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds