ឯកឧត្តម ជួប បារីស៍ ៖ ការប្រែប្រួលអាកាសធាតុគឺដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយសាយភាយ ទៅលើភពផែនដី ព្រមទាំងការដុតផូស៊ីលចេញពីប្រទេសឧស្សាហកម្មធំៗ
ឯកឧត្តម ជួប បារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន អះអាងថា ការប្រែប្រួលអាកាសធាតុ មិនមែនបណ្ដាលមកពីការកាប់ព្រៃឈើប៉ុណ្ណោះទេ គឺដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយសាយភាយ ទៅលើភពផែនដី ព្រមទាំងការដុតផូស៊ីលចេញពីប្រទេសឧស្សាហកម្មធំៗ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្ដីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលាខេត្ដសៀមរាប ឯកឧត្តម ជួប បារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹងថា ការបាត់បង់ព្រៃឈើ គឺជាការបាត់បង់ធនធានធម្មជាតិដ៏សំខាន់ ដែលអាចជួយទប់ស្កាត់ នៃការហូរច្រោះ ធ្វើឲ្យដីល្អ និងរក្សាបានទឹកក្រោមដី ជាជម្រកសត្វព្រៃដ៏សំខាន់ ។ ព្រៃឈើក៏មានសារៈសំខាន់បន្ថែមទៀត ទៅលើការស្រូបកាបូន ជាពិសេសព្រៃឈើបានផ្ដល់សម្រស់ដ៏ស្រស់ត្រកាល និងទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំងបំផុត។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ បានដាក់គោលដៅទៅលើការដាំដុះព្រៃឈើ ក្នុងឆ្នាំ២០៥០ ឲ្យបានគម្របព្រៃឈើ៦០% ដើម្បីឲ្យក្លាយទៅជាប្រទេស ដែលមានអព្យាក្រឹតកាបូន ។ ដើម្បីសម្រេចបានគោលដៅ របស់រដ្ឋាភិបាលអាណត្តិថ្មីនេះ ដំណាក់កាលទី១ គឺត្រូវដាំដើមឈើឡើងវិញ , ទី២ ត្រូវការពារព្រៃឈើ និងទី៣ ជួយដល់សហគមន៍ ឲ្យពួកគាត់មានជីវភាពល្អប្រសើរ និងឲ្យពួកគាត់បានស្វែង យល់ពីអត្ថប្រយោជន៍ នៃព្រៃឈើ ដើម្បីកុំឲ្យ យាយីព្រៃឈើតទៅទៀត។
ឯកឧត្តម ជួប បារីស៍ ក៏បានលើកឡើងទៀត ពីការរក្សាឲ្យបានការមិនប្រើប្រាស់ប្លាស្ទិក ដោយលោករដ្ឋមន្ត្រី បានដាក់ចេញគោលដៅ ក៏ដូចជាយុទ្ធនាការកាត់បន្ថយប្លាស្ទិក ដោយមានពាក្យស្លោកថា “ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិក” ។ ហើយនៅតាមបណ្ដាសាលាផ្សេងៗគឺបានអនុវត្តស្ទើតែ១០០% ទៅលើយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិក” ហើយជាគោលដៅបន្ទាប់ទៀត ជាមួយគម្រោងបញ្ជ្រាបចំណេះដឹងទាំងនេះទៅដល់កម្មកររោងចក្រសហគ្រាសតូចធំ និងសាធារណជនផ្សេងទៀត ដើម្បីឲ្យពួកគាត់បានយល់ដឹង ពីផលប៉ះពាល់នៃការប្រើថង់ប្លាស្ទិក ។
គួបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន បានដាក់ចេញគោលដៅដាំស្តារព្រៃឈើឡើង វិញឲ្យបាន១លានដើមក្នុងមួយឆ្នាំ ដោយផ្តើមបណ្តុះកូនឈើជាច្រើននៅតាម បណ្តារាជធានីខេត្តទូទាំងប្រទេស និងបង្កើនគម្របព្រៃឈើឲ្យបាន៦០ភាគរយ នៅត្រឹមឆ្នាំ២០៥០ខាងមុខ៕