មន្ត្រីជាន់ខ្ពស់បរិស្ថាន​​៖ ការបម្រែបម្រួលអាកាសធាតុនឹងនៅជាមួយពលរដ្ឋ ជារៀងរហូត ដោយពុំមានការថយ ក្រោយវិញបានទេ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងថា ការបម្រែបម្រួលអាកាសធាតុនឹងនៅជាមួយប្រជាពលរដ្ឋ ជារៀងរហូត ដោយពុំមានការថយ ក្រោយវិញបានទេ។ សម្រាប់ការងារសំខាន់ដែលត្រូវធ្វើនោះ គឺត្រូវធ្វើយ៉ាងណាឱ្យកសិករចេះបន្ស៊ាំខ្លួនឯង ចេះរស់នៅជាមួយការប្រែប្រួលអាកាសធាតុ តាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ការចេះបង្កើតអេកូទេសចរណ៍ ឬយើងហៅថា គោលដៅលំហែកម្សាន្ត ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទាញចំណូលមិនរំខានដល់ព្រៃឈើទេ។

ថ្លែងក្នុងសិក្ខាសាលាបញ្រ្ជាបចំណេះដឹងស្តីពី «ការប្រែប្រួលអាកាសធាតុទៅកាន់យុវជន និងអ្នកជំនាញសារព័ត៌មានក្នុងស្រុក»នាទឹកដីខេត្តសៀមរាប ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបញ្ជ្រាបចំណេះដឹងដល់យុវជនដែលជាសសរទ្រូងប្រទេស ដើម្បីបង្កើនការរយល់ដឹងដល់យុវជន និងអ្នកសារព័ត៌មានក្នុងស្រុកពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិសនិងចង្អុលបង្ហាញការងារអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន កិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០។

ដោយឡែកលោកយុន លីនណេ អភិបាលរងខេត្តសៀមរាប បានអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធិភាព និងរក្សាចីរភាព។ ការកែទម្រងការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានដឹកនាំអនុវត្តរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអប់រំផ្សព្វផ្សាយនិងការប្រែប្រួលអាកាសធាតុ ទំនើបកម្មរដ្ឋបាលនិងហិរញ្ញវត្ថុប្រកបដោយចីរភាព និងការលើកម្ពស់ការទូតបៃតង។

លោកបន្ថែមថា ដើម្បីចូលរួមចំណែក្នុងការអនុវត្តសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាបបាននឹងកំពុងចូលរួមអនុវត្ត និងសម្របសម្រួលដៃគូអភិវឌ្ឍន៍ រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពការងារយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds