គម្រោងកសាងភាពធន់នឹងអាកាសធាតុ បានផ្តល់ស្រះទឹក និងអណ្តូងដល់ សហគមន៍ ចំនួន៣ នៅស្រុកចំនួន២នៅខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ ដើម្បីអោយពលរដ្ឋប្រើប្រាស់ក្នុងសហគមន៍ទៅលើការរស់នៅប្រចាំថ្ងៃ ក៏ដូចជាស្រោចផល ដំណាំកសិកម្មរបស់ពួកគាត់ គម្រោងកសាងភាពធន់នឹងអាកាសធាតុ បានអនុវត្តដោយជោគជ័យ ១០០ ភាគរយ ដោយក្នុងនេះបានជីកស្រះទឹក និងអណ្តូងទឹកជូនដល់ពលរដ្ឋសហគមន៍ចំនួន ៣ នៅស្រុកប្រាសាទបល្ល័ង្ក និងកំពង់ស្វាយ ខេត្តកំពង់ធំ។
គម្រោងមួយនេះកំពុងតែអនុវត្តសមិទ្ធផលសំខាន់ៗរួមមានការខួងអណ្តូង បំពាក់ម៉ូទ័រប៉ូមទឺកអូតូ ដោយប្រើសូឡា និងស៊ីទែនទឹកចំណុះ៥០០០លីត្រចំនួន៣ គឺ អណ្តូង ជម្រៅ៤៨ម៉ែត្រ នៅក្នុងភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក, អណ្តូង ជម្រៅ៥០ម៉ែត្រ នៅក្នុងភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក, អណ្តូងជម្រៅ ៤៧ម៉ែត្រ នៅក្នុងភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
ចំពោះស្រះទឹកសហគមន៍ ដោយគឺមានបំពាក់ស្នប់ឆ្នៃ និងប្រព័ន្ធចម្រោះចំនួន៣ ដោយ ស្រះទំហំ បណ្តោយ ១០០ម៉ែត្រ ទទឹង៥០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ (មាឌស្រះ២ម៉ឺនម៉ែត្រ គូប) នៅក្នុងភូមិ អណ្តាស ឃុំ សាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្ក។ ស្រះទំហំបណ្តោយ ១០០ម៉ែត្រ ទទឹង៥០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ (មាឌស្រះ១ម៉ឺន៥ពាន់ម៉ែត្រគូប នៅក្នុងភូមិ ស្លែងខ្ពស់ ឃុំសាន់គរ ស្រុក កំពង់ស្វាយ។ ស្រះទំហំបណ្តោយ៥០ម៉ែត្រ ទទឹង៣៥ម៉ែត្រ និងជម្រៅ៤ម៉ែត្រ នៅក្នុងភូមិល្វាជោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា កាលពីឆ្នាំ២០២០ ក្រុមការងារប្រែប្រួលអាកាសធាតុនៃក្រសួងអភិវឌ្ឍន៍ជនបទ បានរៀប ចំគម្រោងស្តីពីការកសាងភាពធន់នឹងអាកាសធាតុសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកជនបទនៅកម្ពុជា ដោយគាំទ្រហិរញ្ញវត្ថុជាជំនួយឥតសំណង (grant) ពីកម្មវិធីសម្ព័ន្ធ ភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) ដោយអនុវត្ត នៅក្នុង ស្រុកកំពង់ ស្វាយ និងស្រុកប្រាសាទបល័្លង្កខេត្តកំពង់ធំ។
គម្រោងបានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់សកម្មភាព ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្គត់ផ្គង់ទឹកជនបទ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ ជាលទ្ធផលគម្រោងបានសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ រូបវ័ន្តផ្គត់ផ្គង់ទឹក ជនបទ ដោយបានបង្កើតក្រុមប្រើប្រាស់ទឹកចំនួន៦ក្រុម មានសមាជិក៦៨០នាក់ (ស្ត្រី៥0%) ដើម្បីគ្រប់គ្រង និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកទាំងនោះ៕