សាលាបច្ចេកទេសនៃក្រសួងការងាររៀបចំសង្ក្រាន្តឆ្នាំថ្មីយ៉ាងគគ្រឹកគគ្រេង

ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៤នេះ នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនានា ដែលស្ថិតនៅក្រោមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រារព្ធកម្មវិធីបុណ្យសង្ក្រាន្តប្រចាំសាលារបស់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពី ថ្ងៃទី២៣ ខែមីនា ២០២៤។

ការរៀបចំកម្មវិធីបុណ្យសង្ក្រាន្តរបស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនេះ គឺក្នុងគោលបំណង បង្កើនភាពសប្បាយរីករាយ,បង្កើនភាពស្និទ្ធស្នាល, សាមគ្គីភាព រវាងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងដៃគូសហការ និងជាពិសេសនោះ រក្សាបាននូវវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ដ៏ល្អផូរផង់របស់ជាតិខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយ៍រួមមានវាយក្អម ទាញព្រ័ត្រ ញ៉ាំប៉ិគក់ រាំទូលក្អម និងកម្មវិធីផ្សេងៗទៀតជាច្រើនផងដែរ។

នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ជិន តារ៉ា បានលើកឡើងថា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មតែងតែធ្វើពិធីសង្ក្រាន្តជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០២២ រហូតមកក្រោមប្រធានបទផ្សេងៗគ្នាៗពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបន្តថា នៅឆ្នាំ២០២៤នេះ វិទ្យាស្ថានបានប្រារព្ធពិធីសង្ក្រាន្តកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានរៀបចំសង្ក្រាន្តវិទ្យាស្ថានយើងក្រោមប្រធានបទ “លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទាំងអស់គ្នា” ដោយ វិទ្យាស្ថានបានសហការជាមួយជនបង្គោលយុវជនក្រុម១៨ យុវជនស.ស.យ.ក. ក្រុមហ៊ុនដៃគូ រៀមច្បង ដែលបានចូលនិវត្តន៍ តំណាងសមាគមសហព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សិស្ស C1 1.5M និងនិស្សិតវិទ្យាស្ថាន ប្រមាណ ៥០០នាក់។

ចំពោះវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (ITTI) ក៏បានប្រារព្ធពិធីសង្ក្រាន្តកាលពីពេលថ្មីៗរួចហើយដែរ ដោយមានកិច្ចសហការពីក្រុមហ៊ុនដៃគូ អង្គការ និងការសាមគ្គីគ្នាពីសំណាក់ក្រុមយុវជនរបស់វិទ្យាស្ថានផ្ទាល់។ កម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថានធ្វើឡើងស្របទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ដោយមានការលេងល្បែងប្រជាប្រិយ និងកម្មវិធីបែបប្រពៃណីជាច្រើនផងដែរ។

នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម យ៉ោក សុទ្ធី បានលើកឡើងថា វិទ្យាស្ថានបានរៀបចំបុណ្យសង្ក្រាន្តកាលពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដែលមានសិស្សានុសិស្ស តំណាងអង្គការ ក្រុមហ៊ុនដៃគូ និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតបានចូលរួមយ៉ាងច្រើនកុះករ។

ទន្ទឹមនេះ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅរាជធានីភ្នំពេញ និងបណ្តាវិទ្យាស្ថានផ្សេងៗទៀតនៅទូទាំងប្រទេសក៏នឹងមានការរៀបចំធ្វើពិធីសង្ក្រាន្តប្រចាំឆ្នាំរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds