អាកាសធាតុក្តៅបែបនេះ ការផឹកគ្រឿងកំប៉ុង ឬភេជ្ជៈមានជាតិផ្អែម មានជាតិហ្គាសច្រើន នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង
ក្រសួងធនធានទឹកនិងឧតុនិយម បានព្រមានពីការបន្តឡើងកម្ដៅសីតុណ្ហភាព នៅរវាងខែមីនាដល់ដើមខែឧសភាឆ្នាំ២០២៤។ បើតាមក្រសួងធនធានទឹក ការឡើងកម្ដៅនេះ ដោយសារកម្ពុជាបន្តរងបាតុភូតសកលអែលនីណូ(EI Nino)ខ្ពស់ជាង៧០ភាគរយ ចាប់ពីខែមីនាដល់ខែមេសា ហើយចាប់ពីខែឧសភាទៅបាតុភូតនេះនឹងថយចុះ២០ភាគរយ។
ជុំវិញបញ្ហាអាកាសធាតុក្តៅបែបនេះ ការផឹកគ្រឿងកំប៉ុង ឬភេជ្ជៈមានជាតិផ្អែម មានជាតិហ្គាសច្រើន នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ខណៈការផឹកស្រានៅក្នុងស្ថានភាពអាកាសធាតុក្តៅខ្លាំង នឹងធ្វើឱ្យកាន់តែខ្វះជាតិទឹក ឈានទៅដល់ការខូចក្រលៀននិងតម្រងនោម។ ចំពោះការផឹកទឹកត្រជាក់វិញ ក៏អាចនឹងមានផលប៉ះពាល់ដល់សុខភាពដែរ ប្រសិនបើនៅក្នុងស្ថានភាពមួយកំពុងតែក្តៅខ្លាំងហើយយើងមកផឹកទឹកត្រជាក់ភ្លាមៗនោះ អាចធ្វើឱ្យប្រកាច់បាន។ ផ្ទុយពីសារធាតុរាវទាំងនេះយើងគួរពិសាទឹកធម្មតាឱ្យបានទៀងទាត់ និងគ្រប់គ្រាន់តាមស្ថានភាពរាងកាយមនុស្សម្នាក់។
យ៉ាងណាទោះបីជាស្រាបៀរត្រជាក់ៗ ទំនងខ្លាំងអំឡុងពេលអាកាសធាតុក្តៅបែបនេះក្តី ប៉ុន្តែគ្រប់សារធាតុមានជាតិអាល់កុលទាំងអស់ យើងសុទ្ធតែមិនគួរផឹកនោះឡើយ ព្រោះជាតិអាល់កុល មានសកម្មភាពដូចគ្នាទៅនឹងថ្នាំបញ្ចុះទឹកនោម ដែលនេះជាមូលហេតុនាំឱ្យយើងប្រឈមបញ្ហាខ្វះជាតិទឹកបាន។ តែប្រសិនបើចង់ផឹកភេសជ្ជៈមានជាតិអាល់កុល ដែលត្រជាក់ៗ អាចផឹកបាន តែត្រូវផឹកអមជាមួយទឹកដូចគ្នា ដើម្បីរក្សាជាតិទឹកក្នុងខ្លួនឱ្យមានថេរ។