សង្ក្រាន្តខ្មែរនៅជប៉ុន បានរៀបចំឡើងដោយភ្ជាប់ជាមួយនឹងពិធីសាសនា និងលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ
(ជប៉ុន)៖ នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង បានរៀបចំកម្មវិធី “សង្ក្រាន្ត ខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ នៅសួនអូសាកា(Osaka Castle) ក្រុងអូសាកា នៃខេត្តអូសាកា របស់ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមណាហ្គាណុ ហ៊ីរូម៉ាសា (Nakano Hiromasa) សមាជិករដ្ឋសភានៃប្រទេសជប៉ុន តំណាងអភិបាលខេត្ត និងក្រុងអូសាកា បងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី ពលករ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនកុះករ។
សម្រាប់សង្ក្រាន្តខ្មែរនៅព្រឹកនេះ កម្មវិធីផ្តើមដោយពិធីសាសនាសំខាន់ៗ ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេនចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ និងបន្តដោយកម្មវិធីដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌និងអរិយធម៌ខ្មែរដ៏ផូរផង់។ ជាមួយគ្នានេះ អ្នកចូលរួមទាំងកម្ពុជា និងជប៉ុន ក៏បានចូលរួមលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរដែលរួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយយ៉ាងក្រៃលែង។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការសហការជាមួយស្ថានទូតខ្មែរប្រចាំនៅប្រទេសជប៉ុន ក្រុមការងារESEA និងសមាគមមិត្តយើង គ្រោងរៀបចំកម្មវិធីសង្ក្រាន្តចូលឆ្នាំប្រពៃណីខ្មែរចំនួន១១ទីតាំងផ្សេងគ្នានៅទូទាំងប្រទេសជប៉ុនដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋខ្មែរទាំងជាង៣ម៉ឺននាក់លើទឹកដីជប៉ុនអាចចូលរួមសប្បាយរីករាយ និងអបអសាទរពិធីបុណ្យចូលឆ្នាំប្រពៃណជីជាតិរបស់ខ្លួន ប៉ុន្តែកម្មវិធីសង្ក្រាន្ដខ្មែរនៅជប៉ុន នៅខេត្តអូសាកានេះ គឺជាកម្មវិធីធំជាងគេ។
ក្រៅតែពិធីសាសនា និងការលេងល្បែងប្រជាប្រិយកម្មវិធីសង្ក្រាន្តនៅសួនអូសាកានាពេលនេះ ក៏នឹងមានសុន្ទរកថាគន្លឹះរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្ដមណាហ្គាណុ ហ៊ីរូម៉ាសា (Nakano Hiromasa) សមាជិករដ្ឋសភានៃប្រទេសជប៉ុន និងអមដោយកម្មវិធីធម្មទេសនាដោយព្រះមេធានុរ័ក្ខ គូ សុភាព និងការបញ្ចប់កម្មវិធីដោយការប្រគុំតន្ត្រី និងការរាំលេងកម្សាន្តដោយសប្បាយរីករាយ៕