កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានជួសជុស កិនបង្ហាប់តួផ្លូវ សម្រាប់ធ្វើចរាចរណ៍ប្រើប្រាស់បណ្តោះអាសន្ន ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ នាឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្នុងរយៈពេល ២១ថ្ងៃ បានជួលជុលកែលម្អរ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវកំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) លើកំណាត់ផ្លូវដែលមានប្រវែង ២០.៦២គម ត្រង់ចំណុច (PK 181+100 – PK 201+720) ដើម្បីជួយសម្រួលចរាចរណ៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយចំណាយពេលវេលា ឆ្លងកាត់ប្រមាណជាង ២០នាទី ទៅ ៣០នាទី តែប៉ុណ្ណោះ។
ក្នុងនោះផងដែរមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នឹងនៅតែបន្តជួសជុល ថែទាំលើកំណាត់ផ្លូវ(វាលរេញ-ត្រពាំងរពៅ) ជាប្រចាំក្នុងឆ្នាំ២០២៤ នេះ ដើម្បីឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។
សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុលនេះ។