ឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានចាស់ ដល់ស្ពានថ្មីខេត្តកំពត នឹងបើកឱ្យទេសចរចូលលេងកម្សាន្ត ក្នុងឱកាសចូលឆ្នាំថ្មី

ទោះបីជាការស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ(ស្ពានថ្មី) មិនទាន់រួចរាល់ក៏ពិតមែន តែអភិបាលខេត្តថានឹងបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តនាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ខណៈដែលមន្ទីរជំនាញកំពុងមមាញឹកពន្លឿនការស្ថាបនាផ្លូវឱ្យបានរួចរាល់មុនចូលឆ្នាំខ្មែរ។

នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឧប្បដ្ឋានសាលាក្នុងវត្តយសសុវណ្ណអូរជុំព្រៃទន្លេ ក្នុងស្រុកបន្ទាយមាស ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវឆ្នេរខ្សាច់កម្សាន្តប្របមាត់ព្រែកកំពង់បាយចាប់ពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ(ស្ពានថ្មី) និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់។

ក្នុងដំណើចុះពិនិត្យវឌ្ឍនភាពនេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ដើម្បីពង្រីកវិសាលភាពនៃទីតាំងកម្សាន្តក្នុងក្រុងកំពត រដ្ឋបាលខេត្តនឹងរៀបចំបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តឆ្នេរកម្សាន្តចាប់ពីស្ពានចាស់ រហូតដល់ស្ពានថ្មី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ បើទោះបីជាឆ្នេរនេះមិនទាន់រៀបចំបានរួចរាល់ក៏ដោយ។

ឯកឧត្តមបានបន្តថា ឆ្នេរកម្សាន្តមួយនេះគឺជាបេះដូងនៃខេត្តកំពត ហើយក្រោយស្ថាបនារួចរាល់នឹងមានសោភ័ណភាពស្អាត អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងច្រើន ដោយសារតែទីតាំងនេះអាចបង្ករលក្ខណៈឱ្យភ្ញៀវទេសចរអាចងូតទឹកលេងបាន។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អង្គភាពជំនាញ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តពន្លឿនក្នុងការស្ថាបនាផ្លូវឱ្យបានរួចរាល់មុនពេលបុណ្យចូលឆ្នាំមកដល់ រៀបចំអនាម័យ បរិស្ថានឱ្យបានស្អាតល្អ រៀបចំភ្លើងបំភ្លឺ ពិសេសត្រូវសិក្សាដាក់តាំងភ្លើងពណ៌ដើម្បីលម្អនាពេលយប់ឱ្យមានភាពទាក់ទាញ ចាប់ពីគល់ស្ពានឥន្ទធនូ រហូតដល់ស្ពានថ្មថ្មី។ ម្យ៉ាងទៀត ចំពោះរូបសំណាកសេះសមុទ្របាញ់ទឹកដែលមានកម្ពស់ ៨ម៉ែត្រ ក៏ត្រូវរៀបចំឱ្យបានរួចរាល់នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដូចគ្នា ដោយមានការតុបតែងភ្លើងពណ៌ និងការបាញ់ទឹកឱ្យបានស្អាត។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានបំផុសឱ្យគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឱ្យបានផុសផុល ពិសេសសម្តេចបានដាក់ចុះនូវយន្តការ និងគោលការណ៍ជាច្រើនដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្តរៀបចំកែលម្អសោភ័ណភាព បង្កើតកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍កែលម្អបន្ថែមនៅតាមតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកលេងកម្សាន្ត។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds