ស្នងការស្នងរាជធានីភ្នំពេញ ឲ្យបុរសម្នាក់ដែលបានប្រើអំពើហិ.ង្សាលើស្រ្តីម្នាក់ នៅក្នុងបន្ទប់ជួល០១កន្លែង ចូលមកសារភាពមុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន
ស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ដែលបានប្រើអំពើហិង្សាទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួល១កន្លែង។
លោកជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា «ក្រោយពីបានឃើញតាមបណ្តាញព័ត៌មានសង្គមបង្ហោះពាក់ព័ន្ធនឹងករណីបុរសម្នាក់ បានប្រើអំពើហិង្សា ទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួល០១កន្លែង»។
ក្រោយពីបានឃើញនូវសកម្មភាពប្រើអំពើហិង្សារបស់បុរសម្នាក់ទៅលើស្រ្តីម្នាក់នោះភ្លាម លោកស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាឱ្យលោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឃាត់បុរសដែលប្រើអំពើហិង្សាលើស្រ្តីម្នាក់នៅបន្ទប់ជួលនោះដើម្បីយកមកសាកសួរ។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
មិនតែប៉ុណ្ណោះ លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យបុរសនោះចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យបានមុនពេលសមត្ថកិច្ចទៅឃាត់ខ្លួនផងដែរ៕