ឆេះស្ថានីយប្រេងឥន្ធនៈនៅស្រុកពួក កម្លាំងជំនាញប្រើពេល២ម៉ោង និងទឹកអស់ ២៩រថយន្ត

(សៀមរាប)៖ នៅវេលាម៉ោង៧៖២០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មានករណីភ្លើងឆេះស្ថានីយប្រេងឥន្ធនៈ និងកន្លែងលក់គ្រឿងទេស និងភេសជ្ជៈ ស្ថិតនៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៨គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន ២៩រថយន្ត ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង នៅវេលាម៉ោង ២១៖២០នាទី

ស្ថានីយប្រេងឥន្ធនៈដែលបានឆាបឆេះ ឈ្មោះ ចិនខ្មៅ ដែលមានម្ចាស់ទីតាំងឈ្មោះ ឈិន ពណ្ណារាយ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរអាជីវករ និងប្ដីឈ្មោះ ជាល សុខ ភេទប្រុស អាយុ៤៤ឆ្នាំ បច្ចុប្បន្នទៅធ្វើការងារ នៅប្រទេសញូហ្សែឡែន។

លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកប្រេងសាំង ០១គ្រឿង ចំណុះ៣២ពាន់លីត្រ មានប្រេងសាំងចំនួន ៨ពាន់លីត្រ ចូលមកដាក់ប្រេងនៅកន្លែងកើតហេតុខាងលើ។ លុះពេលបង្ហូរប្រេងចូលក្នុងស៊ីទែនកប់ក្នុងដីបានប្រហែល១៥នាទី ស្រាប់តែមានភ្លើងឆាបឆេះ ពេលនោះតៃកុងរថយន្តដឹកប្រេងសាំង បានឡើងបើករថយន្តចេញពីចំណុចកើតហេតុ ទៅទាំងភ្លើងកំពុងឆេះទុយោរបង្ហូរសាំងគ្រវីគ្រវាត់លើផ្លូវ ហើយបន្ទាប់មកភ្លើងដែលឆេះទុយោរបង្ហូរសាំងបានរលត់ទៅវិញ។ ប៉ុន្តែភ្លើងនៅកន្លែងកើតហេតុ ក្នុងស្ថានីយត្រូវភ្លើងចាប់ផ្តើមឆេះសន្ធោរសន្ធៅឡើង។

លោកបានបន្តថា ក្នុងករណីនេះបានរាលឆ្លងឆាបឆេះទៅផ្ទះជាប់គ្នាមានម្ចាស់ឈ្មោះ ឡុច លន ភេទប្រុស អាយុ៦១ឆ្នាំ បណ្ដាលឲ្យឆេះពិដានផ្ទះ ផ្នែកខាងលើ (តិចតួច) និងរោលជញ្ជាំងថ្មខូចខាតមួយចំហៀងផ្ទះ។ ក្រោយទទួលបានព័ត៌មានពីករណីឆេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានសហការជាមួយកម្លាំងរថយន្តបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលខេត្ត រួមទាំងកម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋ បានចេញជួយអន្តរាគមន៍ផងដែរ។ គ្រោះអគ្គីភ័យនេះ បានបណ្តាលឲ្យរងរបួសស្រាលមនុស្ស ០១នាក់ឈ្មោះ រាវ ម៉ាណូ ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករធ្វើការនៅចំណុចកើតហេតុ ខូចខាតស្ថានីយ ឆេះសាំង និងគ្រឿងទេសនិងភេសជ្ជៈ ដែលតាំងលក់និងនៅក្នុងឃ្លាំងទាំងស្រុង។

ចំណែកអ្នកបើក បររថយន្តដឹកប្រេង របស់ក្រុមហ៊ុនសាវីម៉ិច SVM Petroleum ត្រូវបានកម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួន ខណៈពេលនេះកំពុងធ្វើការសួរនាំនៅអធិការនគរបាលស្រុកពួក ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូន ទៅកាន់ការិយាល័យជំនាញបន្ត នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds