មានករណីអគ្គីភ័យមួយបានឆាបឆេះទីតាំងផលិតគ្រាប់រំសេវយោធាមួយកន្លែងដែលស្ថិតនៅជាយរដ្ឋធានី Jakarta ប្រទេស ឥណ្ឌូនេស៊ី
មន្រ្តីយោធាឥណ្ឌូណេស៉ី បានឱ្យដឹងថា គ្រោះអគ្គិភ័យធំមួយបានឆាបឆេះ នៅទីតាំងដេប៉ូស្តុកគ្រាប់រំសេវមួយកន្លែង ក្បែរទីក្រុងហ្សាការតា ប៉ុន្តែវាត្រូវបានពន្លត់ទៅវិញដោយជោគជ័យ ខណៈយោធាកំពុងពិនិត្យមើល នៅតំបន់ជុំវិញនោះ ដើម្បីប្រមែប្រមូលវត្ថុធាតុផ្សេងៗ ដែលអាចបានហោះខ្ទាតចេញ ដោយសារការផ្ទុះឡើងអំឡុងអគ្គិភ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤។
គ្រោះអគ្គិភ័យខាងលើ បានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នៅឯដេប៉ូស្តុកគ្រាប់រំសេវមួយកន្លែងរបស់យោធា ក្នុងទីក្រុង Bogor ដែលស្ថិតនៅជាយរដ្ឋធានីហ្សាការតា នាវេលាម៉ោងប្រមាណជា៦៖៣០នាទីយប់។ វាក៏បានបង្កឱ្យមានការផ្ទុះជាបន្តបន្ទាប់ផងដែរ ខណៈខាងយោធាបានអះអាងថា ពុំមាននរណាម្នាក់បានបាត់បង់ជីវិត ឬក៏ទទួលរងរបួស ក្នុងហេតុការណ៍នេះឡើយ។
លោក Mohammad Hasan មេបញ្ជាការយោធាប្រចាំទីក្រុងហ្សាការតា បានឱ្យដឹងថា អគ្គិភ័យត្រូវបានពន្លត់ទៅវិញ នៅម៉ោងខ្ទង់៣៖៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យនេះ ហើយលោកបានបន្តថា យោធាកំពុងស៉ើបអង្កេតតំបន់ជុំវិញនោះ ដើម្បីពិនិត្យមើលហើយសម្អាតវត្ថុធាតុផ្សេងៗ ដែលអាចបានហោះខ្ទាតចេញពីដេប៉ូស្តុកគ្រាប់។ យោធាមិនបានបញ្ជាក់ច្បាស់ថា វត្ថុទាំងនោះជាអ្វីឡើយ ប៉ុន្តែបានព្រមានកុំឱ្យប្រជាជនប៉ះពាល់ពួកវា ដ្បិតពួកវាអាចមានគ្រោះថ្នាក់។
គួរបញ្ជាក់ថា បើតាមយោធាឥណ្ឌូណេស៉ី ការឆាបឆេះត្រូវបានសង្ស័យថា ផ្តើមចេញពីសារធាតុគីមីដែលមិនមានស្ថិរភាព នៅឯផ្នែកមួយនៃដេប៉ូនោះ ជាទីដែលគ្រាប់រំសេវចាស់ៗ ត្រូវបានរក្សាទុក។ លោក Hasan បាននិយាយថា គ្រាប់រំសេវត្រូវបានស្តុកទុកនៅទីនោះ ដោយសារយោធាស្ថិតក្នុងដំណើរការ ដើម្បីកម្ទេចពួកវាចោល៕