ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ មេសា ២០២៤ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ស្ពានអាកាសមរតកតេជោ ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី ព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយក្នុងនោះស្ពានអាកាសជាន់ទី២ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មកមហាវិថីព្រះមុនីវង្ស ដោយបច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ៨០% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ហើយនឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ។

សម្តេចបានលើកឡើងថា ផ្លូវគឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី។ សមិទ្ធផលនេះ ក៏នឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា និងសម្រួលដល់ការធ្វើដំណើរប្រកបការងារ ជាពិសេស ការជួយលើកកម្ពស់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds