ក្រសួងបរិស្ថាន អំពាវនាវអោយចូលរួមថែរក្សាភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាម សំណល់រឹងនៅទីប្រជុំជន ក្នុងឱកាសចូលឆ្នាំថ្មី
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដែលឈានចូលមកដល់នាពេលខាងមុខ ក្រសួងបរិស្ថាន ស្នើអោយចូលរួមថែរក្សាភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់ សំរាម សំណល់រឹងនៅទីប្រជុំជន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ក្រសួងបរិស្ថាន។
ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏ថ្លែងអំណរព្រះគុណ អរគុណ និងកោតសរសើរ យ៉ាងជ្រាលជ្រៅថ្វាយប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋចំនួនប្រមាណ ៧,២លានអង្គ/នាក់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានក្លាយជាចលនា នៃភាពស្អាត និងបានធ្វើឱ្យប្រទេសកម្ពុជាយើងទទួលបានបរិស្ថានស្អាតទូទាំងប្រទេសគួរជាទីមោទនៈ។
ទន្ទឹមគ្នានេះ ក្រសួងបរិស្ថាន សូមអំពាវនាវដល់សាធារណជន ព្រះសង្ឃគ្រប់ព្រះអង្គ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការពារថែរក្សា បរិស្ថានស្អាត តាមរយៈការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាពិសេស នៅក្នុងឱកាសពិធីចូលឆ្នាំប្រពៃណី ជាតិខ្មែរខាងមុខនេះ។
ការរួមចំណែកក្នុងចលនានៃភាពស្អាត នឹងធ្វើឱ្យបរិស្ថានស្អាតគ្មានសំរាម សំណល់ប្លាស្ទិក នៅតាមទីកម្សាន្ត ទីរមណីយដ្ឋាន និងភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ ទីតាំងអាជីវកម្ម និងសេវាកម្មទាំងអស់ ដែលនឹងផ្តល់នូវភាពរីករាយ និងសុខុមាលភាព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ក្នុងន័យនេះ ក្រសួងបរិស្ថានសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមក្នុងចលនាស្អាត នឹងអនុវត្តតាមសេចក្ដីណែនាំ ដូចខាងក្រោម៖
ធ្វើការបោសសម្អាតសំរាម សំណល់រឹងតាមមុខលំនៅឋាន និងយកទៅដាក់ក្នុងធុងសំរាមនៅតាម ទីសាធារណៈឱ្យបានត្រឹមត្រូវ
ធ្វើការទុកដាក់ និងវេចខ្ចប់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ហើយរង់ចាំបញ្ចេញសំណល់តាមការ ណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច
មិនត្រូវចោលសំរាម សំណល់រឹង ចូលក្នុងប្រភពទឹកនានា ឬដុតនៅតាមទីសាធារណៈឡើយ។
ក្រសួងបរិស្ថានសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ម្ចាស់អាជីវកម្ម និង សេវាកម្មទាំងអស់ នឹងចូលរួមជាមួយក្រសួងបរិស្ថានតាមការអំពាវនាវនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងមនោសញ្ចេតនាស្រលាញ់ និងថែរក្សាបរិស្ថានកម្ពុជាយើងឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព៕