ក្រសួងបរិស្ថានរៀបចំយុទ្ធសាស្រ្តជាមួយដៃគូអភិវឌ្ឍន៍ បណ្តុះពន្លកបៃតង បន្សល់ទុកជាមរតករស់របស់រដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា
ថ្លែងក្នុងជំនួបជាមួយកញ្ញាវេជ្ជបណ្ឌិត SUWANNA GAUNTLETT នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអះអាងថា ក្រសួងកំពុងរៀបចំ និងផ្សព្វផ្សាយយុទ្ធសាស្ត្រដាំស្តាដើមឈើឡើងវិញ នៅតាមតំបន់រិចរឹលដែលងាយរងគ្រោះដោយការបាក់ច្រោះដី ពីជំនន់ទឹកភ្លៀង និងទឹកភ្លៀង ដើម្បីការពារការបាត់បង់ទីទួល និងភ្នំនៅតាមតំបន់គោលដៅមួយចំនួនក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។
យុទ្ធសាស្រ្តពង្រីកវិសាលភាពបៃតងនេះ ត្រូវបានឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន យកចិត្តទុកដាក់បំផុត ដើម្បីសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណ គឺ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានរៀបចំរួចជាស្រេចហើយនូវថ្នាលបណ្តុះកូនឈើ នៅទូទាំងរាជធានី/ខេត្តចំនួន ២៥ និងសម្រេចបានកូនឈើចំនួន១លាន ២សែនដើម សម្រាប់យកទៅដាំដុះ នារដូវវស្សាខាងមុខនេះ ដើម្បីការពារការបាក់ច្រោះដោយទឹកភ្លៀង នៅតាមទីទួល និងភ្នំមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តពោធិសាត់ ដែលបានប្រឈមនឹងការហូរច្រោះទាំងនេះ។
លើសពីនេះ ការដាំស្តាដើមឈើឡើងវិញ គឺមិនចំពោះតែដៃគូអភិវឌ្ឍន៍តែប៉ុណ្ណោះទេ ឯកឧត្តមរដ្ឋមន្រ្តីបានប្រកាស និងផ្សព្វផ្សាយជាសាធារណៈឱ្យមានការចូលរួមចំណែកពីក្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលរួមមានការចូលរួមពីប្រជាជនកម្ពុជាគ្រប់រូប អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាពិសេសអ្នកស្រឡាញ់និងការពារបរិស្ថាន ដើម្បីរួមគ្នាដាំដើមឈើឱ្យច្រើនជាងការកាប់ ឈានឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។
ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣- ២០២៨) ដើម្បីជំរុញឱ្យការគ្រប់គ្រងធនធានធម្មជាតិកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ជាពិសេសវិស័យដីធ្លី ទឹក ធនធានរ៉ែ និងព្រៃឈើ ហើយកិច្ចខិតខំប្រឹងប្រែងលើការងារអាទិភាពនេះ គឺធានាឱ្យបាននូវការអភិវឌ្ឍដោយចីរភាព នៅក្នុងបរិ-បទនៃការប្រែប្រួលអាកាសធាតុដែលកំពុងកើតមានឡើង៕