ឯកឧត្ដម ហ៊ុន ម៉ានីមានការភ្ញាក់ផ្អើលចំពោះលោក មាស រិទ្ធី បានស្រង់សម្ដីយកទៅផ្សាយព័ត៌មានខុសពីការពិត ថា“ខ្ជិល”រៀបចំអង្គរសង្ក្រាន្តឆ្នាំនេះ
នាយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានការភ្ញាក់ផ្អើល និងហួសចិត្ត ដែលពិធីករព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺលោក មាស រិទ្ធី បានដកស្រង់សម្ដីរបស់ឯកឧត្ដម យកទៅផ្សាយ ដែលផ្ទុយពីការពិតទាំងស្រុង ជុំវិញការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៤នេះ ។
ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «ខ្ញុំមានការភ្ញាក់ផ្អើលចំពោះអ្វីដែលបងប្រុស មាស រិទ្ធី បានស្រង់ហើយផ្សព្វផ្សាយថា ខ្ញុំបានប្រើពាក្យថា “ខ្ជិល” ក្នុងការឆ្លើយតបទៅនឹងសំណួរ ដែលសួរមកខ្ញុំថាតើរៀបចំអង្គរសង្ក្រាន្តទេឆ្នាំនេះ។ ខ្ញុំបានស្តាប់កិច្ចសម្ភាសន៍របស់គាត់ និងហួសចិត្តដែរថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ តើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះ ក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន ។