ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យអគ្គនាយកក្រុមហ៊ុនហង្សមាស ចាត់វិធានការបន្ទាន់លុបព័ត៌មានមិនពិត
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យអគ្គនាយកក្រុមហ៊ុនហង្សមាស ចាត់វិធានការបន្ទាន់លុបព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិតនិងវប្បធម៌ប្រពៃណីជាតិ ដើម្បីទប់ស្កាត់ការចែកចាយបន្ត និងត្រូវសុំទោសជាសាធារណៈឱ្យបានឆាប់រហ័សបំផុត។
ក្រសួងវប្បធម៌ បញ្ជាក់ថា ពាក្យសង្ក្រាន្ត ជាពាក្យសំស្រ្កឹតមានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត មាននៅសិលាចារឹកនានា តាមប្រាសាទនៅតំបន់អង្គរ។ យ៉ាងណាក្តីពិធីសង្ក្រាន្តនេះ បានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលបានប្រារព្ធរៀបចំដោយប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ ភូមា ជាដើម។ ការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេសមួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី និងការប្រារព្ធរបស់បណ្ដាប្រទេសផ្សេងទៀតទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗនោះឡើយ។
ក្រសួងបានបន្តថា នោព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក មាស រិទ្ធី បានធ្វើការអត្ថាធិប្បាយនូវព័ត៌មានមិនត្រឹមត្រូវ ខ្វះការពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ ថែមទាំងបានយកឈ្មោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកធ្វើជាអំណះអំណាងបន្ថែមទៀត ហើយដែលការអត្ថាធិប្បាយនេះបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃពិតនៃវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិ ជាពិសេសបានបង្កឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅ ព្រមទាំងភាពរសើប និងភាពជ្រួលច្របល់ក្នុងសង្គម។