បង្ក្រាបគ្រឿងញៀនឆ្លងដែនជិត ៧០០គីឡូក្រាម និងចាប់ខ្លួនជនជាតិវៀតណាម ២នាក់

ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន នៅចំណុចខុនដូរហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចំណុចខុនដូរផ្លាទីនីនបេ បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៩ មីនា ឆ្នាំ២០២៤ វេលាម៉ោង៦ និង៤០នាទី ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង​គ្រឿងញៀន។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងចំនួន២គោលដៅគោលដៅទី១៖ ចំណុចខុនដូរហ្សង់អេលីហ្សេ បន្ទប់លេខ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគោលដៅទី២៖ ចំណុចខុន​ដូផ្លាទីនីនបេ បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេង​កង រាជធានីភ្នំពេញ។

ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញបានចាប់ខ្លួនជនល្មើសចំនួន ២នាក់ ឈ្មោះ NGUYEN HOAN DINH ភេទប្រុស ជនជាតិវៀតណាម អាយុ៤៥ឆ្នាំ និងឈ្មោះ DUONG TIEN ភេទប្រុស ជនជាតិវៀតណាម អាយុ១៧ឆ្នាំ។ គ្រឿងញៀនដែលចាប់យកបាន រួមមាន មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤ ៨១២ក្រាម (ជិត៦០០គីឡូក្រាម), អ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨ ៩១៩.០១ក្រាម (ជិត៥០គីឡូក្រាម), កេតាមីន (KETAMINE) ទម្ងន់ ៧ ៩៩០.០៤ក្រាម (ជិត៨គីឡូក្រាម), កញ្ឆា (MARIJUANA) ទម្ងន់ ១៧,០០០ ក្រាម (១៧គីឡូក្រាម), សារធាតុមិនច្បាស់ទម្ងន់ ៨៧៦ក្រាម។

ក្រោយការចាប់ខ្លួន ជនល្មើសទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់៕image

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds