រដ្ឋមន្ត្រីបរិស្ថាន៖ ​​ ក្នុងមួយឆ្នាំ​ ត្រៀម​កូនឈើគ្រប់ប្រភេទ​៥លានដើម សម្រាប់ចែកជូនពលរដ្ឋដាំ

មណ្ឌលគិរី៖ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ និងតាមដានការអនុវត្តការងាររេដបូក ដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្រ្តខេត្តមណ្ឌលគិរី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានអះអាងថា ក្រសួងជំរុញកិច្ចការងារបរិស្ថានឲ្យបានសម្រេចតាមផែនការ និងជាសារអប់រំដល់ប្រជាពលរដ្ឋ ក្នុងមួយឆ្នាំក្រសួងបានត្រៀមនូវកូនឈើគ្រប់ប្រភេទចំនួន៥លានដើម សម្រាប់ចែកជូនប្រជាពលរដ្ឋដាំ និងបន្តសកម្មភាពដាំដើមឈើតាមទីសាធារណៈ ដើម្បីបង្កើតឲ្យមានម្លប់បៃតងពេញផ្ទៃប្រទេស។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ​បានអោយដឹងថា ដើម្បីកែលម្អវិស័យបរិស្ថានល្អស្អាតនៅប្រទេសកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវគោលការជាយុទ្ឋសាស្ត្រ គឺយុទ្ធសាស្រ្តចក្រា (ស្អាត-បៃតង-ចីរភាព) ដែលអាចបន្តនិរន្តរ៍ភាពសម្រាប់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ដោយឡែកលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានអោយដឹងដែរថា ដែនជម្រកសត្វព្រៃកែវសីមាគ្របដណ្តប់លើផ្ទៃដី ៣១៧.៤៥៦ហិកតា ស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា មួយផ្នែកធំស្ថិតក្នុងខេត្តមណ្ឌលគិរី និងមួយផ្នែកតូចស្ថិតក្នុងខេត្តក្រចេះ។ នៅឆ្នាំ ២០១៦ តំបន់ព្រៃការពារសីមា ត្រូវបានចាត់ថ្នាក់ឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជា «ដែនជម្រកសត្វព្រៃកែវសីមា » ដោយអនុក្រឹត្យលេខ៨៣ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ និងក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ។ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ១៨២អនក្រ.បក ស្តីពីការកែប្រែ ដែនជម្រកសត្វព្រៃកែវសីមា ពីផ្ទៃដីទំហំ ២៩២.៦៩០ហិកតា មកផ្ទៃដីទំហំ ៣១៧.៤៥៦ហិកតា ។

លោកបន្តថា ដែនជម្រកសត្វព្រៃកែវសីមា ជាតំបន់ដ៏សំខាន់ ដែលមានប្រភេទព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃល្បោះ និងមានជីវៈចម្រុះនៅក្នុងតំបន់មានចំនួនប្រហែល ១.០០០ប្រភេទ។

ចំណែកលោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងត្រីមាសទី១ ឆ្នាំ២០២៤ របស់ដែនជម្រកសត្វព្រៃកែវសីមា មានដូចជា បានរៀបចំ និងចងក្រងសំណុំរឿង បទល្មើសធនធានធម្មជាតិ សរុបចំនួន១៤១ករណី ក្នុងនោះបានបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្តចំនួន១២១ករណី និងពិន័យអន្តរការណ៍ ចំនួន២០ករណី និងបានបញ្ជូនជនសង្ស័យសរុបចំនួន១៧នាក់ ទៅសាលាដំបូងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds