ជប៉ុនផ្តល់ថវិកាឥតសំណងជិត ៨ម៉ឺនដុល្លារ សម្រាប់ការសាងសង់ដំបូលនៅទីលានបាល់បោះរទេះជនពិការ ក្នុងខេត្តបាត់ដំបង

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួន ៧៦. ៣៣៣ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ (គូសាណូណិ)។

កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ដោយលោកលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF) ដើម្បីអនុវត្តគម្រោងសម្រាប់ការសាងសង់ដំបូលនៅទីលានបាល់បោះរទេះជនពិការ។ ស្ថាប័នទទួលជំនួយ៖ សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF)។

ថវិកាជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ដំបូលសម្រាប់ទីលានបាល់បោះរទេះជនពិការ ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត បាត់ដំបង។ ដោយសារទីលានប្រកួតមិនមានដំបូល អត្តពលិកកីឡាបាល់បោះរទេះជនពិការ មានពេលវេលាតិចក្នុងការហាត់សមនាពេលព្រឹក ឬពេលល្ងាចនៅពេលព្រះអាទិត្យមិនសូវក្តៅខ្លាំង ឬអាចមិនហាត់សមតែម្តងនៅពេលមានភ្លៀងធ្លាក់។

តាមរយៈគម្រោងនេះ យើងរំពឹងថា អត្តពលិកអាចហាត់សមបានគ្រប់ពេលវេលា មិនថាថ្ងៃ ឬយប់ និងអាកាសធាតុបែបណាក៏ដោយ ហើយនាំឱ្យក្រុមកីឡាបាល់បោះរទេះជនពិការ ទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុនក្នុងការប្រកួតអន្តរជាតិនៅថ្ងៃអនាគត។ លើសពីនេះ យើងរំពឹងទុកយ៉ាងមុតមាំថា មនុស្សកាន់តែច្រើននឹងចាប់អារម្មណ៍ក្នុងការលេងកីឡា ហើយតាមរយៈការលេងកីឡា ពួកគេនឹងរស់នៅក្នុងសង្គមដែលមានសុខភាពល្អនៅថ្ងៃអនាគត។

គម្រោងទ្រង់ទ្រាយតូចវប្បធម៌ «គូសាណូណិ» របស់ប្រទេសជប៉ុន រួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់វប្បធម៌ កីឡា និងសកម្មភាពអប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌ វប្បធម៌ ធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញដែលសកម្មនៅកម្រិតមូលដ្ឋាន នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌នេះ គាំទ្រដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានាក្នុងការអនុវត្តគម្រោង ដែលរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់សកម្មភាពវប្បធម៌ កីឡា និងការអប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌវប្បធម៌ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ លោកសង្ឃឹមថា ប្រជាជនកម្ពុជាកាន់តែច្រើននឹងចាប់អារម្មណ៍ក្នុងការលេងកីឡា ហើយនឹងរស់នៅក្នុងសង្គមដែលមានសុខភាពល្អតាមរយៈការលេងកីឡា។

លោកបានបន្តថា ជប៉ុន និងកម្ពុជាបានរីករាយនឹងទំនាក់ទំនងការទូតដ៏ជិតស្និទ្ធិជាង ៧០ឆ្នាំមកហើយ។ សង្ឃឹមថាគម្រោងនេះនឹងជួយសម្រួលបន្ថែមដល់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាធ្វើឱ្យចំណងមិត្តភាព និងការយល់អំពីគ្នាមានភាពកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ជប៉ុន ក៏នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈម ដើម្បីកែលម្អគុណភាពជីវិត តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗរួមទាំងជំនួយឥតសំណងគូសាណូណិទាំងពីរទម្រង់ គឺជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ និងជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌។

អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត បានថ្លែងថាតាងនាមឱ្យសហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះស្ថានទូតជប៉ុន ប្រចាំនៅប្រទេសកម្ពុជា ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លាដល់មជ្ឈមណ្ឌលកីឡាបាល់បោះរទេះជនពិការកម្ពុជា។ ជំនួយនេះមិនត្រឹមតែបង្ហាញអំពីសក្ខីភាព ចំពោះចំណងមិត្តភាពដ៏រឹងមាំរបស់ប្រទេសជាតិទាំងពីរនោះទេ ប៉ុន្តែក៏ជាក្តីសង្ឃឹមដ៏ធំធេងចំពោះអត្តពលិកដែលមានពិការភាពនៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។ ជំនួយដ៏ថ្លៃថ្លាមួយនេះ គឺជាការរួមចំណែកឱ្យសហព័ន្ធរបស់យើងបានបន្តបេសកកម្ម ក្នុងការលើកកម្ពស់បរិយាបន្នសង្គម ការពង្រឹងសិទ្ធិអំណាច និងស្មារតីកីឡា ក្នុងចំណោមជនមានពិការភាពតាមរយៈកីឡាបាល់បោះរទេះជិះរទេះជនពិការ។

អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត បានបន្តថា ការគាំទ្រមួយនេះនឹងអាចឱ្យពួកយើងបានអនុវត្តសកម្មភាពហ្វឹកហាត់ ដែលមានទីលានស្អាតល្អ និងផ្តល់ឱកាសសម្រាប់អត្តពលិកបានចូលរួមប្រកួតទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ។ ការប្តេជ្ញាចិត្តមួយនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហការ និងសាមគ្គីភាពតាមរយៈសកម្មភាពកីឡា ហើយយើងពិតជាមានកិត្តិយសដែលមានស្ថានទូតជប៉ុនជាដៃគូសហការនៅក្នុងបេសកម្មមួយនេះ៕image

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds