ប៉ាល់ ឆរស្មី កំពុង​ចាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​កីឡា ​​ដោយ​កំពុង​ផ្តោត​លើ​​ជំនាញ​ថត​រូប

កីឡា៖ បន្ទាប់​ពី​បាន​ចូល​ក្របខណ្ឌ​​​រដ្ឋ​នៅ​ក្នុង​អង្គភាព​កីឡា​របស់​ក្រសួង​មហា​ផ្ទៃ កីឡាការិនី​វ៉ូវីណាម​ជម្រើស​ជាតិ​កម្ពុជា ប៉ាល់ ឆរស្មី កំពុង​ចាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​កីឡា​​ដោយ​កំពុង​ផ្តោត​លើ​​ជំនាញ​ថត​រូប។

កីឡាការិនី ប៉ាល់ ឆរស្មី អត្តពលិក​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ បានអោយដឹង​ថា មុន​ពេល​ចាប់​អាជីព​កីឡា រូប​នាង​ស្រឡាញ់​ការងារ​សារព័ត៌មានជាពិសេស​ផ្នែក​រូប​តាំង​ពី​តូច ប៉ុន្តែ​មិន​មាន​ឱកាស ដោយសារ​ជាប់​ដៃ​នឹង​អាជីព​កីឡា។ ទោះ​ជា​យ៉ាង​ណា បន្ទាប់​ពី​ចូល​ក្រប​ខណ្ឌ​រដ្ឋ ស្ថិត​នៅ​​ក្រុម​ប្រឹក្សា​កីឡា​របស់​ក្រសួង​មហា​ផ្ទៃ​ការិយាល័យ​​ព័ត៌មាន​ ដូច្នេះ​​ក៏​ជ្រើស​រើស​យក​​ផ្នែក​ថត​រូប​ស្រប​តាម​ក្តី​ស្រឡាញ់​របស់​ខ្លួន​។

ប៉ាល់ ឆរស្មី បាន​រៀប​រាប់ថា «ឥឡូវ​នេះ ខ្ញុំ​ចេញ​ទៅ​​យក​ព័ត៌មាន​ជា​មួយ​ក្រុម​ការងារ​ ស្រប​ពេល​ក្រសួង​មហាផ្ទៃ​មាន​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​របស់​ក្រសួង។ ជា​ដំបូង​ខ្ញុំ​ចាប់​យក​ផ្នែក​ថតរូប​ ដោយ​មាន​បង​ៗ​ជួយ​បង្ហាត់​បង្រៀន​ផ្នែក​ថត បន្ទាប់​ពីយល់​ដឹង​ពី​​របៀប​ថត​រូប​បាន​ច្រើន រូប​នាង​​នឹង​រៀន​ពីរបៀប​សរសេរ​អត្ថបទ​ថែម​ទៀត»។

កីឡាការិនីរូននេះ​បន្ត​ថា សម្រាប់​ការ​ចាប់​ផ្តើម​ការងារ​ផ្នែក​ថត​រូប​នេះ​មិន​មែន​មាន​អ្វី​ពិបាក​ខ្លាំង​សម្រាប់​រូប​នាង​​ឡើយ​ ពី​ព្រោះ​ជា​ការងារ​ដែល​ខ្លួន​ស្រឡាញ់​តាំង​ពី​តូច។ អ្វី​ដែល​ប្លែក​គឺ​អារម្មណ៍​ធ្លាប់​តែ​ត្រូវ​បាន​គេ​សម្ភាស និង​ថត ប៉ុន្តែ​ពេល​នេះ​មាន​អារម្មណ៍​ប្លែក​មួយទៀត​​ដែល​​តាម​ថត និង​សម្ភាស​គេ​វិញ។ «ខ្ញុំ​អត់​មាន​ភ័យ​ខ្លាច​អី​ទេ តែអារម្មណ៍​ប្លែក ព្រោះ​ខ្ញុំ​ធ្លាប់​តែ​ដើរ​ចេញ​មក គេ​សម្ភាស​យើង តែ​ឥឡូវ​​នេះ ខ្ញុំ​តាមថត​ តាម​សម្ភាសគេ​វិញ​ មាន​អារម្មណ៍​ពិសេស​ប្លែក»។

ទោះ​បី​ជា​យ៉ាងណា មិន​ថា​ក្លាយ​ជា​អ្នក​សារព័ត៌មាន ឬ​ជា​អ្នក​កីឡា​ទេ កីឡាការិនី​រូប​នេះ​នៅ​តែ​បន្ត​ឆន្ទៈ​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដដែល។ ប៉ាល់ ឆរស្មី ថា ៖«ត្រៀម​ប្រមូល​ផ្តុំ​ជា​ថ្មី​ខាង​មុខ​ ខ្ញុំ​នៅ​តែជា​កីឡាការិនី​ដដែល ដោយ​សារ​ឆ្នាំ​នេះ​មាន​ផែន​​ការ​​កាត់​បន្ថយ​កីឡាករ កីឡាការិនី គ្រូ​បង្វឹក​ ហើយ​ខាង​សហព័ន្ធ​ក៏​អត់​មាន​លើក​បេក្ខភាព​គ្រូ​បង្វឹក​ដែរ»។

ប៉ាល់ ឆរស្មី បាន​ឈ្នះ​មេដាយ​មាស​៤គ្រឿង ប្រាក់១គ្រឿង និង​សំរិទ្ធ១​គ្រឿង ក្នុងកីឡាស៊ីហ្គេមលើកទី៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​ក្លាយ​ជា​អត្តពលិក​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍។ ក្រៅ​ពី​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ រូប​នាង​បាន​ឈ្នះ​មេដាយ​មាស ប្រាក់ និង​សំរិទ្ធ​ ​ពី​កីឡា​ស៊ីហ្គេម ជើង​ឯក​អាស៊ី និង​ជើង​ឯក​ពិភព​លោក​ជា​ច្រើន​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ៕ No description available.No photo description available.No photo description available.

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds