​យោធា​ក្លែងក្លាយ ២​នាក់ ពាក់​ស័ក្ដិ​៤ និង​ស័ក្ដិ​៥ បង្អួត​អ្នក​ភូមិ ត្រូវប៉េ​អឹ​ម​ឃាត់ខ្លួន

បាត់ដំបង ៖ បុរស​ពីរ​នាក់ ដែល​តែង​តឺ​នុយ​ឯកសណ្ធាន​យោធា ម្នាក់​ពាក់​ស័ក្ដិ​៤ និង​ម្នាក់​ទៀត​ពាក់​ស័ក្ដិ​៥ បង្អួត​អ្នក​ភូមិ​រាល់ថ្ងៃ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​យក​មក​សួរនាំ ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា ជន​ទាំង​ពីរ​នាក់​នេះ គ្មាន​អង្គភាព និង​ជា​យោធា​ក្លែងក្លាយ។ ការឃាត់ខ្លួនធ្វើឡើងកាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៤។

​មន្ត្រី​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ថា ជន​ក្លែប​ន្លំ​ជា​យោធា​ទាំង​ពីរ​នាក់​នោះ ម្នាក់​ឈ្មោះ កាន់ យ៉ុ​ង អាយុ​៥០​ឆ្នាំ មានមុខ​របរ «​ឃួ​ង​អណ្ដូងទឹក​» រស់នៅ​ភូមិ​ព្រៃ​សង្ហា ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល និង​ម្នាក់​ទៀត​ឈ្មោះ សួង តារា អាយុ​៣៩​ឆ្នាំ មានមុខ​របរ «​លក់ដូរ​» នៅ​ភូមិ​គោក​ក្ដូ​ច ឃុំ​តា​ពួ​ង ស្រុក​ថ្មគោល ។ ជន​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​កម្លាំង​មន្ទីរ​ជំនាញ នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន ក្រោយ​ស៊ើបអង្កេត​ដឹង​ថា ជន​ទាំង​ពីរ​នាក់​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​មន្ត្រី​យោធា​ក្លែងក្លាយ ។

យោង​តាម​របាយ​ការ​ណ៏​មន្ត្រី​ជំនាញ បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សម្ភារៈ​យោធា​។ ដូច​ជា​មួក ឯកសណ្ធាន​យោធា ខ្សែ​ក្រ​វ៉ា ឋានន្តរស័ក្ដិ គ្រឿង​ឥស្សរិយ​ស ស្លាក​ឈ្មោះ ស្លាក​សញ្ញា​កងទ័ព លិខិត​បញ្ជា​បេសកកម្ម លិខិត​តែងតាំង រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ០១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-8425 និង​សម្ភារៈ ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ពាក់ព័ន្ធ​នឹង​មន្ត្រី​សេះ​ហោះ ២​នាក់​នេះ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​គេ​មិន​ធ្លាប់​ឃើញ​ជន​ពីរ​នាក់​ខាងលើ​នេះ តឺ​នុយ​ឯកសណ្ធាន​យោធា​ទេ​។ គេ​ធ្លាប់​ឃើញ​តែ​ជន​ម្នាក់ ស៊ី​ឈ្នូ​ល​ឃួ​ង​អណ្ដូងទឹក​ឲ្យ​គេ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ ស្រាប់តែ​គេ​ឃើញ​គាត់​តឺ​នុយ​យោធា ម្នាក់​ពាក់​ស័ក្ដិ​៤ និង​ម្នាក់​ទៀត​ពាក់​ស័ក្ដិ​៥ ។

ប្រភព​ដដែល​បាន​បន្ត​ថា អ្នក​ភូមិ​ឆ្ងល់​គ្រប់​គ្នា ដោយសារ​មួយ​ប៉​ព្រិច​ភ្នែក​សោះ អ្នក​ឃួ​ង​អណ្ដូង និង​អ្នក​លក់ដូរ ទាំង​២​នាក់​នេះ បាន​ធ្វើ​ជា​កងទ័ព ហើយ​ថែម បាន​ពាក់​ស័​ក្ដី​ធំ​ៗ បង្អួត​អ្នក​ភូមិ​រាល់ថ្ងៃ ធ្វើ​ឲ្យ​អ្នក​ភូមិ​ឆ្ងល់​ខ្សិ​ប​ខ្សៀវ​ត​ៗ​គ្នា រហូត​បែកធ្លាយ​ដឹង​ដល់​សមត្ថកិច្ច ចុះ​មក​ឃាត់ខ្លួន​ល្មម។ យ៉ាងណា​ក្ដី បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ បាន​បញ្ជាក់​ថា ជន​ទាំង​ពីរ​នាក់​ខាងលើ​នេះ ពិតជា​បាន​ពាក់​ឯកសណ្ធាន បន្លំ​ធ្វើ​ជា​យោធា​មែន​។ ពេល​នេះ មន្ត្រី​ជំនាញ កំពុង​សួរនាំ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds