ក្រសួងការងារ នឹងបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ដល់កម្មករក្រុមហ៊ុនវាយ & ដាប់បែលយូ នៅថ្ងៃទី២៣ មីនាខាងមុខនេះ
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្មករនិយោជិតនៃក្រុមហ៊ុនវាយ & ដាប់បែលយូ ហ្គាមេន(Y & W GARMENT CO., LTD.) អាចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់របស់ខ្លួនដែលក្រុមហ៊ុនជំពាក់នៅម៉ោង ៨ ព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នា ២០២៤ ខាងមុខនេះនៅសាលាខណ្ឌដង្កោ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃពុធ ទី២០ ខែមីនានេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងគូសបញ្ជាក់ថា៖ “ យោងតាមដីកាសម្រេចលេខ ១៦៦ “ថ” ដ.រ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ស្ដីពីការរឹបអូសជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិ និងសម្ភាររបស់ ក្រុមហ៊ុន វាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) មានទីតាំងស្ថិតនៅផ្លូវ ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ដោយមានការតម្កល់ប្រាក់កក់ របស់អ្នកដេញថ្លៃ តាមនីតិវិធីដេញថ្លៃទ្រព្យសម្បត្តិ និងសម្ភារ របស់ក្រុមហ៊ុន ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹង ដល់បងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន វាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជ្រាបថា ក្រសួង នឹងចាប់ផ្តើមបើក ផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិត ចាប់ពីម៉ោង ២ រសៀល ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ តទៅ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ”។
បន្ថែមពីនេះ ក្រសួង បានស្នើឱ្យកម្មករនិយោជិត យកមកជាមួយនូវឯកសារមួយចំនួនដូច១. ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និង២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)៕