គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣សម្រេចបានប្រមាណជាង៥៥%

នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមិនា ឆ្នាំ២០២៤ ឯកឧត្ដម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ និងបញ្ហាប្រឈមនៃគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុរដ្ឋលេខាធិការ នាយកចាត់ការទូទៅនៃគម្រោង ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងមន្ទីរពាក់ព័ន្ធក្រោមឱវាទក្រសួង។
កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណងពិនិត្យដានលើកិច្ចសន្យាការងារបច្ចេកទេសសាងសង់ដែលបានឯកភាពគ្នា ពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ ដើម្បីធានាឱ្យបាននូវការសាងសង់ អនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងជានាយកគម្រោង បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាព ដោយដាក់ផ្លាកសញ្ញាចរាចរណ៍ នៅតាមការដ្ឋាន ភ្លើងសញ្ញាចរាចរណ៍នៅពេលយប់ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានដល់បងប្អូនប្រជាពលរដ្ឋ។
សូមជម្រាបជូនថា៖ គម្រោងនេះមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds