ឈឿង ល្វៃ ក្លាយជាកីឡាករដំបូងគេរបស់កម្ពុជា ដែរឈ្នះខ្សែក្រវាត់ I-1 World Boxing Champion Gold Belt
អ្នកលេងគុនខ្មែរ ឈឿង ល្វៃ ក្លាយជាកីឡាករដំបូងគេរបស់កម្ពុជា ដែរឈ្នះខ្សែក្រវាត់ I-1 World Boxing Champion Gold Belt បន្ទាប់ពីឈ្នះកីឡាករថៃ នៅជុំទី១ ត្រឹមទឹកទី១ ខណៈចូលដល់ជុំទី២ យកឈ្នះកីឡាករអាល្លឺម៉ងដោយពិន្ទុ ដែលរៀបចំនៅទីក្រុងហុងកុង នាយប់ថ្ងៃទី១២ ខែមិនា។
តាមរយៈការយកឈ្នះខ្សែក្រវាត់នៅទីក្រុងហុងកុង លោកឧកញ៉ាស្រី ចាន់ថន ស្ថាបនិកក្លឹបគុនខ្មែរអន្តរជាតិ KKIF ដែលឈឿង ល្វៃ កំពុងហ្វឹងហាត់នេះបានរៀបចំក្បួនសម្រាប់ដង្ហែរម្ចាស់ខ្សែក្រវាត់ ដែលនឹងមកដល់កម្ពុជានៅរសៀលថ្ងៃទី១៣ ខែមិនានេះផងដែរ។
បើតាមឧកញ៉ា ស្រី ចាន់ថន ថា ដើម្បីលើកទឹកចិត្តដល់កីឡាករឈឿង ល្វៃ ដែលទៀបទទួលបានខ្សែក្រវាត់I-1 World Boxing Champion Gold Belt លោកបានរៀបចំឆៃយ៉ាំ ឡានក្បូន ដែលមានការអមដំណើរដោយលោកឧត្តមសេនីយ៍តែម ម៉ឺន ប្រធានសហពន្ធ័កីឡាប្រដាល់គុនខ្មែរ លោកខូវ ឆាយ អនុប្រធានទី១ សហពន្ធ័កីឡាប្រដាល់គុនខ្មែរ តំណាងក្រុមហ៊ុនភេសជ្ជៈ WURZK។
សូមបញ្ជាក់ផងដែរថា កីឡាករឈឿង ល្វៃ និងប្រតិភូបានចេញទៅប្រកួតនៅទីក្រុងហុងកុងកាលពីថ្ងៃទី១០ ខែមិនា ហើយធ្វើការប្រកួតនៅយប់ថ្ងៃទី១២ ដោយក្នុងនោះនៅជុំទី១ កីឡាករឈឿង ល្វៃ ត្រូវចាប់ឆ្នោតចំកីឡាករថៃ ផ្តួលត្រឹមទឹកទី១ ខណៈជុំទី២ ប៉ះកីឡាករអាល្លឺម៉ង បានឈ្នះ ដណ្តើមបានខ្សែក្រវាត់៕