ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ១,៥០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្តដ៏ស្រស់ស្អាតនេះ
ស្ទើរតែជារៀងរាល់ព្រឹក ពុំមានលុះមួយថ្ងៃណាមួយឡើយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែក្រោកមកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំគយគនទិដ្ឋភាពថ្ងៃរះនៅខាងមុខប្រាសាទអង្គរវត្ត។ ព្រោះថា ថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ ពួកគេមានខ្លះឈរ និងខ្លះអង្គុយ នៅជុំវិញស្រះទឹក ដើម្បីរង់ចាំមើលថ្ងៃរះដ៏ស្រស់ត្រកាល នាព្រឹកព្រហៀម និងផ្តិតយករូបភាពទាំងនោះទុកអនុស្សាវរីយ៍។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ចាប់តាំងពីម៉ោង៥ព្រឹកមកម្ល៉េះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ១,៥០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នៅខាងមុខប្រាសាទអង្គរវត្ត៕