ពិធីបិទ“សិក្ខាសាលាពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមនៃគម្រោង H-EQIP 2”

ខេត្តសៀមរាប៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “សិក្ខាសាលាពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមនៃគម្រោង H-EQIP 2” របស់នាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល។

គោលបំណង នៃសិក្ខាសាលានេះ ផ្តោតលើចំណុចសំខាន់ ចំនួន ០៣ ដូចខាងក្រោម៖
១-ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃសកម្មភាពការបម្រើសេវាជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម នៅថ្នាក់ក្រោមជាតិ។
២-ចែករំលែកបទពិសោធន៍នៃសកម្មភាព ការបម្រើសេវាជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម របស់ដៃគូអភិវឌ្ឍន៍។
៣- ផ្សព្វផ្សាយសេចក្តីណែនាំសម្រាប់ការអនុវត្តន៍កម្មវិធីជាតិពិនិត្យសុខភាព និងគ្រប់គ្រងជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមនៅថ្នាក់ក្រោមជាតិ។
ឆ្លៀតក្នុងឱកាសនេះ នាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល បានរៀបចំជាបាច់ផ្កាគោរពជូន លោកជំទាវរដ្ឋលេខាធិការ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមមូលបទ “ស្ដ្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សរុបចំនួន ១៣៣នាក់ ដែលអញ្ជើញមកពី ក្រសួងសុខាភិបាលរួមមាន៖ នាយកដ្ឋានការពារសុខភាព នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានឱសថ បិរក្ខារពេទ្យ និងគ្រឿងសំអាង នាយកដ្ឋានធនធានមនុស្ស នាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ វិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) ឃ្លាំងឱសថកណ្តាល មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកខេត្ត និងដៃគូអភិវឌ្ឍន៍ដូចជា៖ World Bank, KOFIH, Chai, Heart to Heart, DFAT, KAHP ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds