ការលើកកម្ពស់សមភាពយេនឌ័រ៖ ដំណើរដ៏ស្ញប់ស្ញែងរបស់សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង

ថ្វីបើស្រ្តី គឺជាកម្លាំងពលកម្មស្នូលក្នុងដំណើរការកែច្នៃ​ និងការទិញលក់ផលិតផលជលផល ប៉ុន្តែជារឿយៗ តួនាទីដ៏សំខាន់នេះត្រូវបានគេមើលរំលង និងមិនបានទទួលស្គាល់ ដែលជាកត្តារារាំងធ្វើឲ្យស្រ្តីមិនអាចបញ្ចេញសមត្ថភាពឱ្យ អស់សក្តានុពល ជាលទ្ធផល វាប៉ះពាល់ដល់សក្តានុពលនៃវិស័យជលផលទាំងមូល។ ដោយវិស័យនេះ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍជាតិ បញ្ហាវិសមភាពក្នុងវិស័យជលផលក្រោយប្រមូលផល ក្លាយជាការបន្ទុចបង្អាក់ភាពរីកចម្រើនក្នុងវិស័យផ្សេងទៀតនៅកម្ពុជា។​

អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) សហការជាមួយ រដ្ឋបាលជលផលកម្ពុជា (FiA) តាមរយៈ​ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បាន និងកំពុងខិតខំប្រឹងប្រែងធានាឱ្យមានតុល្យភាព ដោយផ្តល់ភាពអង់អាចដល់ស្រ្តីនៅក្នុងខ្សែច្រវាក់តម្លៃ។ សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង គឺជាអាជីវកម្មលក្ខណៈគ្រួសារមួយ នៅក្នុងខេត្តកំពង់ធំ ដែលបាន និងកំពុងចូលរួមយ៉ាងសកម្មលើកកម្ពស់ទិដ្ឋភាពនេះ។

សហគ្រាសនេះ «​សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ សុខម៉េង»​ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ហើយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្រោយទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture ដែលគម្រោងនេះមានការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU)។ សហគ្រាស បានទទួលវិញ្ញាបនប័ត្របញ្ជាក់គុណភាពផល ផលិតផលជលផលកម្ពុជា (CQS Basic) ក្រោយពេលចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពីសុវត្ថិភាពម្ហូបអាហារ និងជំនួយហិរញ្ញវត្ថុក្នុងការ​កែលម្អទីតាំងកែច្នៃ ដោយបំពាក់នូវសម្ភារ បរិក្ខារផ្តល់ដោយគម្រោង។

អ្នកស្រី សុខម៉េង អ្នកទទួលខុសត្រូវគ្រប់គ្រងហិរញ្ញវត្ថុរបស់​សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ​ បានអោយដឹងថា «រវាងនាងខ្ញុំ និងប្តី​ យើងបានបែងចែកការទទួលខុសត្រូវច្បាស់លាស់ផ្សេងគ្នា ដោយនាងខ្ញុំរ៉ាប់រងគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម ខណៈដែលគ្រួសារនាងខ្ញុំទទួលបន្ទុកទំនាក់ទំនងសាធារណៈ ការផ្សព្វផ្សាយផលិតផល និងការភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារ»

រាល់ចំណេះដឹងថ្មីៗដែលអ្នកស្រី​ សុខម៉េង ទទួលបាន អ្នកស្រី តែងតែចែករំលែកជាមួយបុគ្គលិកខ្លួន លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធបញ្ហាអំពើហិង្សាក្នុងគ្រួសារ សិទិ្ធស្ត្រី និងការចែករំលែកបន្ទុកការងារក្នុងគ្រួសារ។ អ្នកស្រីបន្ថែមថា «តាមរយៈការបែងចែកទំនួលខុសត្រូវផ្នែកអាជីវកម្ម និងគ្រួសារដោយស្មើភាព វាជួយពង្រឹងភាពអង់អាចដល់ស្រ្តី ផ្តល់ឱកាសឱ្យស្ត្រីទទួលបាន និងដុះខាត់ជំនាញ និងសមត្ថភាពកាន់តែប្រសើរ។»

ការវិនិយោគនេះ មិនមែនជួយដល់ត្រឹម​សហគ្រាសប៉ុណ្ណោះទេ សហគ្រាសរួមចំណែកបង្កើតការងារថ្មី និងបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់បុគ្គលិក និងតួអង្គក្នុងខ្សែច្រវាក់តម្លៃផងដែរ។ នេះជួយឱ្យអ្នកផ្គត់ផ្គង់ និងបុគ្គលិកកម្មករ អាចបញ្ជូនកូនទៅចូលរៀន និងរួមចំណែកបង្កើតឲ្យមានខ្សែច្រវាក់ផ្គត់ផ្គង់មួយដែលប្រកបដោយសមភាព និងសុខមាលភាព។​

ក្នុងបរិការណ៍ដែលអាជីវក​ម្មមានការប្រែប្រួលយ៉ាងឆាប់រហ័ស សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង គឺជាតួអង្គជំរុញទឹកចិត្តគម្រូមួយ ក្នុងការផ្លាស់ប្តូរផ្នត់គំនិតស្តីអំពីយេនឌ័រ និងត្រួសត្រាយផ្លូវសម្រាប់វិបុលភាពនៃការកែច្នៃ ផលិតផល​ជលផលប្រកបដោយបរិយាប័ន្ននៅក្នុងវិស័យកែច្នៃម្ហូបអាហារនៅកម្ពុជា។ វាជាទម្រង់អាជីវកម្មដែលសហគ្រាស ឬឧស្សាហកម្មផ្សេងទៀតអាចរៀនសូត្រតាមបាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds